ភវនិទ្ទេស
ក្នុងនិទ្ទេសនៃឧបាទានជាបច្ច័យដល់ភព មានដូចតទៅ គប្បីជ្រាបវិនិច្ឆ័យដោយអត្ថ ដោយធម៌ ដោយពិចារណាឡើងវិញ នូវបទដែលមានប្រយោជន៍ ដោយការញែកភព និងរួមភព ដោយ ឧបាទានណា ជាបច្ច័យដល់ភពណា ។ ក្នុងព្រះបាលីនោះ គប្បីជ្រាបវិនិច្ឆ័យថា ដែលឈ្មោះថា ភព ព្រោះអត្ថថា មាន ។ បទថា ទុវិធេន មានអធិប្បាយថា កំណត់ដោយអាការពីរយ៉ាង ។ ម្យ៉ាងទៀត បទថា ទុវិធេន ជាតតិយាវិភត្តិ ចុះក្នុងបឋមាវិភត្តិ អធិប្បាយថា ស្មើជាមួយ ទុវិធោ ប្រែថា ២ យ៉ាង ។ បទថា អត្ថិ បានដល់ មានព្រម ។ ភព គឺកម្ម ឈ្មោះថា កម្មភព ។ ភព គឺការកើតឡើង ឈ្មោះថា ឧបបត្តិភព ។ ក្នុងកម្មភព និងឧបបត្តិភពនេះ ការកើតឡើង ឈ្មោះថា ភព ព្រោះអត្ថថា មាន ។ ចំណែកកម្មគប្បីជ្រាបថា ឈ្មោះថា ភព ដោយវោហារ ថា ជាផល ព្រោះកម្មជាហេតុរបស់ភព ដូចព្រះតម្រាស់ ( ក្នុងខុទ្ទកនិកាយ ធម្មបទ ) ថា ការកើតឡើងនៃព្រះពុទ្ធ ជាសុខ ដូច្នេះ ព្រោះជាហេតុនាំមក នូវសេចក្តីសុខ ។ ពាក្យថា តត្ថ កតមោ កម្មភវោ សេចក្តីថា បណ្តាភពទាំងពីរនោះ កម្មភពដែលត្រាស់ហើយនោះ ដូចម្តេច ។ បុញ្ញាភិសង្ខារជាដើម មានអត្ថ តាមដែលពោលហើយនោះឯង ។ បទថា សព្វំ បានដល់ មិនមានចំណែកសេសសល់ ។ កម្មដែលឈ្មោះ ថា ជាហេតុឲ្យទៅកាន់ភព ព្រោះអត្ថថា ទៅ គឺឲ្យសត្វដល់ភព ។ ដោយ បទថា កម្មជាហេតុឲ្យទៅកាន់ភពនេះ លោកបដិសេធលោកុត្តរ ព្រោះកថា នេះជាវដ្តកថា ឯលោកុត្តរនោះ លោកពោលថា ជាធម៌អាស្រ័យវិវដ្តៈ ។ ដែលឈ្មោះថា កម្ម ព្រោះអត្ថថា ជារបស់ដែលសត្វធ្វើ ។ បណ្តាកាមភពជាដើម ភព ពោល គឺកាម ឈ្មោះថា កាមភវោ ។ ក្នុងរូបភព និងអរូបភព ក៏ន័យនេះឯង ។