អដ្ឋកថាអភិធម្មភាជនីយ

ក្បាលទី 68 · ទំព័រ 168

អភិធម្មភាជនីយ ព្រះសាស្តា ទ្រង់មានញាណមិនទើសទាក់ក្នុងធម៌ទាំងពួង កាលទ្រង់សម្តែងបច្ចយាការ ដែលប្រាសចាកកំណួច មិនសាំញ៉ាំ ក្នុង សុត្តន្តភាជនីយ ដោយអំណាចចិត្តផ្សេងៗ ដូចទ្រង់ច្របាច់ផ្ទៃមហាប្រឹថពី និង ដូចទ្រង់ពង្រីកនភាកាស ដោយប្រការដូច្នេះហើយ ឥឡូវនេះ ព្រោះបច្ចយាការ នេះ នឹងមានក្នុងចិត្តផ្សេងៗ តែម្យ៉ាងបុណ្ណោះក៏មិនមែន រមែងមានក្នុងចិត្ត មួយដួងនោះឯង ព្រោះហេតុនោះ ដើម្បីទ្រង់សម្តែងបច្ចយាការ ដែលកើត ក្នុងខណៈចិត្តដួងតែមួយ ដោយប្រការផ្សេងៗ ដោយអំណាចអភិធម្មភាជនីយ ទើបទ្រង់តាំងមាតិកាមុនដោយន័យជាដើមថា អវិជ្ជាបច្ចយា សង្ខារោ ដូច្នេះ ឯមាតិកា ទ្រង់តាំងទុកយ៉ាងនេះថា បណ្ឌិតគប្បីសម្តែងចតុក្កៈ និងប្រភេទនៃវារៈក្នុងន័យទាំង ៩ ដែល មានបទនៃមូល ៩ ដោយមូលទាំងឡាយ មានអវិជ្ជាជាដើម ។ ក្នុងគាថានេះ មានអធិប្បាយដូចតទៅ ពិតហើយ ក្នុងបដិច្ចសមុប្បាទនេះ មាន ៩ ន័យ មានបទដែលជា មូលទាំង ៩ បទនេះ គឺមានអវិជ្ជាជាបទដើម ១ មានសង្ខារជាបទដើម ១ មានវិញ្ញាណជាបទដើម ១ មាននាមជាបទដើម ១ មានអាយតនៈទី ៦ ជាបទ ដើម ១ មានផស្សៈជាបទដើម ១ មានវេទនាជាបទដើម ១ មានតណ្ហា ជាបទដើម ១ មានឧបាទានជាបទដើម ១ ដោយបទដែលជាមូល ៩ បទ មានអវិជ្ជាជាដើម គឺដោយប្រភេទនៃអវិជ្ជា សង្ខារ វិញ្ញាណ នាម ឆដ្ឋាយតនៈ