អដ្ឋកថាកុសលនិទ្ទេស

ក្បាលទី 68 · ទំព័រ 250

[ ១០៤-១១៧ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់បំណងដើម្បី សម្តែងបច្ចយាការក្នុងកុសលចិត្តជាដើម ដោយន័យនេះឯង ទើបផ្តើមពាក្យ ជាដើមថា កតមេ ធម្មា កុសលា ដូច្នេះ ។ ក្នុងអកុសលចិត្ត ទ្រង់តាំងមាតិកាមុនហើយ ទ្រង់ធ្វើនិទ្ទេសខាងក្រោយ ដោយប្រការណា តែក្នុងកុសលនិទ្ទេសនេះ ទ្រង់មិនបានធ្វើដោយប្រការ ដូច្នោះ ព្រោះហេតុអ្វី ព្រោះការផ្សេងគ្នា ក្នុងវារៈពោលដោយអប្បនា ព្រោះថា ក្នុងលោកិយកុសលចិត្តជាដើម មានពាក្យសរុប ដោយព្រះបាលីថា ឯវមេតស្ស កេវលស្ស ទុក្ខក្ខន្ធស្ស ព្រោះធម៌ទាំងនោះ ទាក់ទងក្នុង ទុក្ខសច្ច ក្នុងលោកុត្តរកុសលជាដើម មានពាក្យសរុប ដោយព្រះបាលីថា ឯវមេតេសំ ធម្មានំ ព្រោះហេតុនោះ ក្នុងកុសលជាដើមនេះ ទើបទ្រង់មិន តាំងមាតិកាដោយសាធារណៈ ទើបទ្រង់លើកមាតិកានៃកុសលជាដើមនោះៗ ឡើងសម្តែងតែម្យ៉ាង ហើយទ្រង់ធ្វើនិទ្ទេស ។ ក្នុងកុសលទាំងនោះ ព្រោះ មិនមានអវិជ្ជារួមជាមួយកុសលសង្ខារ ក្នុងខណៈនៃចិត្តដួងជាមួយគ្នា ហេតុ នោះ ទើបមិនត្រាស់អវិជ្ជានោះ តែត្រាស់កុសលមូល ជាបឫសគល់នៃ កុសលទាំងឡាយ ដូចត្រាស់អវិជ្ជាជាបឫសគល់នៃអកុសលទាំងឡាយ និង ព្រោះតណ្ហា ឧបាទាន មិនមាន បសាទ ( សទ្ធា ) ដែលឈមចុះខាងក្នុង អារម្មណ៍ដូចតណ្ញា ទើបត្រាស់ក្នុងទីតាំងនៃតណ្ហា អធិមោក្ខ ឈ្មោះថា ការសម្រេច ចិត្តយ៉ាងមាំទាំ ដូចគ្នានឹងឧបាទាន ទើបត្រាស់ក្នុងឋានៈនៃឧបាទាន ពាក្យដ៏សេស គប្បីជ្រាបដោយន័យដែលពោលខាងដើមនោះឯងដូច្នេះ ។