អភិធម្មបិដក អវិជ្ជាមូលកកុសលនិទ្ទេស
ពួកធម៌ជាកុសល តើដូចម្តេច ។ ក្នុងសម័យណា ចិត្តជា កាមាវចរកុសល ច្រឡំដោយសោមនស្ស ប្រកបដោយញាណ មានរូបជា អារម្មណ៍ក្តី ។ បេ ។ មានធម៌ជាអារម្មណ៍ក្តី ឬក៏ប្រារព្ធនូវអារម្មណ៍ណាៗ ហើយកើតឡើង ក្នុងសម័យនោះ សង្ខារ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ កើតមាន ព្រោះសង្ខារជាបច្ច័យ នាម កើតមាន ព្រោះវិញ្ញាណ ជាបច្ច័យ អាយតនៈទី ៦ កើតមាន ព្រោះនាមជាបច្ច័យ ផស្សៈ កើតមាន ព្រោះអាយតនៈទី ៦ ជាបច្ច័យ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ បសាទ កើតមាន ព្រោះវេទនាជាបច្ច័យ អធិមោក្ខ កើតមាន ព្រោះបសាទ ជាបច្ច័យ ភព កើតមាន ព្រោះអធិមោក្ខជាបច្ច័យ ជាតិ កើតមាន ព្រោះ ភពជាបច្ច័យ ជរា និងមរណៈ កើតមាន ព្រោះជាតិជាបច្ច័យ ហេតុជាទីកើតឡើង នៃកងទុក្ខទាំងអស់នុ៎ះ រមែងមាន ដោយអាការយ៉ាងនេះ ។ បណ្តាបច្ចយាការទាំងនោះ សង្ខារ កើតមាន ព្រោះអវិជ្ជា ជាបច្ច័យ តើដូចម្តេច ។ ចេតនា ការសន្សំ ភាពនៃការសន្សំ ( នូវអារម្មណ៍ ) ណា នេះហៅថា សង្ខារ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ ។ បេ ។ បណ្តា បច្ចយាការទាំងនោះ វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ តើដូចម្តេច ។ សេចក្តីត្រេកអរ ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត ការទទួល អារម្មណ៍ ជាទីត្រេកអរ ជាសុខ ដែលកើតអំពីចេតោសម្ផស្ស សុខវេទនា ជាទីត្រេកអរ ដែលកើតអំពីចេតោសម្ផស្សណា នេះហៅថា វេទនា កើតមាន ព្រោះផស្សៈជាបច្ច័យ ។ បណ្តាធម៌ទាំងនោះ បសាទ កើតមាន ព្រោះវេទនាជាបច្ច័យ តើដូចម្តេច ។ សទ្ធា ការជឿជាក់ ការជឿស៊ប់ សេចក្តី ជ្រះថ្លាដ៏ក្រៃលែងណា នេះហៅថា បសាទ កើតមាន ព្រោះវេទនាជាបច្ច័យ ។ បណ្តាធម៌ទាំងនោះ អធិមោក្ខ កើតមាន ព្រោះបសាទជាបច្ច័យ តើដូចម្តេច ។