អដ្ឋកថាកុសលមូលកវិបាកនិទ្ទេស
[ ១៦២-១៧៦ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់បំណងសម្តែង បច្ចយាការក្នុងអព្យាកតទាំងឡាយ ដោយន័យដទៃទៀតនោះឯង ទើបទ្រង់ ផ្តើមពាក្យជាដើមថា កតមេ ធម្មា អព្យាកតា ដូច្នេះ ។ ក្នុងព្រះបាលីនោះ បទថា កុសលមូលបច្ចយា នេះ ត្រាស់សំដៅយក ភាពជាឧបនិស្សយប្បច្ច័យ ពិតហើយ កុសលមូល រមែងជាឧបនិស្សយប្បច្ច័យដល់កុសលវិបាក អកុសលមូលជាឧបនិស្សយប្បច្ច័យដល់អកុសលវិបាក តែមិនគួរពោលដល់នានាខណិកកម្មប្បច្ច័យ ដូច្នោះ បច្ច័យដែល កុសលមូល និងអកុសលនេះ ទើបជាបច្ច័យដោយឧបនិស្សយប្បច្ច័យ និង កម្មប្បច្ច័យដែលកើតផ្សេងខណៈគ្នា ដោយហេតុនោះឯង ទើបក្នុងនិទ្ទេសវារ មិនចែកថា ក្នុងបច្ចយាការនោះ កុសលមូល តើដូចម្តេច ទ្រង់ចែកថា បច្ចយាការទាំងនោះ សង្ខារ កើតមាន ព្រោះកុសលមូលជាបច្ច័យ តើដូចម្តេច ដូច្នេះ ។ ក្នុងអកុសលវិបាក ក៏ន័យនេះដូចគ្នា ។ ម្យ៉ាងទៀត ក្នុងវិបាកនិទ្ទេសនេះ រមែងបានចំពោះនូវបច្ចយចតុក្កៈទី ១ បុណ្ណោះ ដូចក្នុងនិទ្ទេសនៃអកុសល មានអវិជ្ជាមូល សូម្បីបច្ចយចតុក្កៈនោះ ក៏ទ្រង់សម្តែងបឋមវារ ហើយទ្រង់សង្ខេប ព្រោះហេតុនោះ គប្បីជ្រាប ប្រភេទនៃវារៈក្នុងន័យដែលមានកុសលជាមូល និងអកុសលជាមូល ដោយ ចំណាចចតុក្កៈតែមួយចតុក្កៈ ក្នុងវិបាកចិត្តតែមួយដួង តែព្រោះអវិជ្ជា កុសលមូល និងអកុសលមូល រមែងមិនបានភាពជាឧបនិស្សយប្បច្ច័យ ដល់ធម៌ដែលជាកិរិយា ហេតុនោះ ទើបមិនគួរពោលបច្ចយាការ ដោយ អំណាចកិរិយាឡើយ ។ ដោយប្រការដូច្នេះ ព្រះមានព្រះភាគ ទ្រង់មានវាទៈដ៏ប្រសើរ ត្រាស់បច្ចយាការនេះ ដោយប្រភេទ មិនមែនតិច ក្នុងធម៌ដែលជាអកុសល កុសល និងអព្យាក្រឹត ចំណែកក្នុងវិបាកនៃកុសល និងអកុសល ត្រាស់បច្ចយាការតែម្យ៉ាងបុណ្ណោះ ដោយអំណាចឧបនិស្សយប្បច្ច័យ