អធិប្បាយកាយានុបស្សនានិទ្ទេស
[ ១៧៨-១៨៦ ] ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់បំណងធ្វើសត្វ ទាំងឡាយឲ្យសម្រេចគុណវិសេសផ្សេងៗ មានប្រការមិនមែនតិច ដោយ សតិប្បដ្ឋានទេសនា ទើបទ្រង់ចែកសម្មាសតិនោះឯងជា ៤ ចំណែក ជា សតិប្បដ្ឋាន ៤ ដោយអំណាចនៃអារម្មណ៍ ដោយន័យថា ភិក្ខុក្នុងសាសនា នេះ ពិចារណានូវកាយក្នុងកាយខាងក្នុងជាដើម កាលទ្រង់កាន់យក សតិប្បដ្ឋាននីមួយៗ អំពីសតិប្បដ្ឋាន ៤ នោះ ចែកចេញទៅ ទើបផ្តើម ត្រាស់និទ្ទេសវារ ដោយន័យជាដើមថា ចុះភិក្ខុពិចារណានូវកាយក្នុងកាយ ខាងក្នុង តើដូចម្តេច ដូច្នេះ ប្រៀបដូចជាងផែងអ្នកឈ្លាស ត្រូវការធ្វើ ឧបករណ៍ទាំងឡាយ មានកន្ទេលផែងប្រភេទគ្រោតគ្រាត និងល្អិត តេបោ ត្រក និងជាលជាដើម បានឫស្សីដើមធំមកមួយដើម ហើយកាត់ជា ៤ កំណាត់ កាន់យកកំណាត់មួយអំពី ៤ កំណាត់នោះ ពុះហើយធ្វើឧបករណ៍នោះៗ ឬ ប្រៀបដូចជាងមាសដ៏ឈ្លាស ត្រូវការធ្វើគ្រឿងប្រដាប់ផ្សេងៗ បានដុំមាស ដែលបរិសុទ្ធយ៉ាងល្អ កាត់ជា ៤ ចំណែក ហើយកាន់យកចំណែកមួយ អំពី ៤ ចំណែកនោះ ធ្វើគ្រឿងប្រដាប់នោះៗ ដូច្នោះ ។ បណ្តាបទទាំងនោះ បទថា កថញ្ច ជាដើម ជាពាក្យសួរដោយបំណង នឹងពោលឲ្យពិស្តារ ។ ក្នុងអធិការនេះ មានអត្ថដោយសង្ខេបដូចតទៅនេះថា ដោយអាការដូចម្តេច ដោយប្រការដូចម្តេច ភិក្ខុ ឈ្មោះថា ពិចារណានូវ កាយក្នុងកាយ ដូច្នេះ ក្នុងវារៈនៃពាក្យសួរដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា ឥធ ភិក្ខុ បានដល់ ភិក្ខុក្នុងសាសនានេះ ។ សព្ទថា ឥធ ក្នុងទីនេះ ជាពាក្យសម្តែងដល់សាសនា ដែលជាទីអាស្រ័យរបស់បុគ្គល អ្នកញ៉ាំងកាយានុបស្សនាដោយប្រការទាំងពួង ដោយអំណាចនៃកាយខាងក្នុង ជាដើមឲ្យកើតឡើង និងបដិសេធភាពជាយ៉ាងនោះរបស់សាសនាដទៃ ដូចព្រះតម្រាស់ ( ក្នុងអង្គុត្តរនិកាយ ចតុក្កនិបាត