នីវរណបព្វៈ
នីវរណបព្វៈ [ ១៩៥-២០៣ ] ដោយពាក្យមានប្រមាណប៉ុណ្ណេះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ការកំណត់រូបក្ខន្ធដោយកាយានុបស្សនា ត្រាស់ការកំណត់វេទនាខន្ធដោយវេទនានុបស្សនា ត្រាស់ការកំណត់វិញ្ញាណក្ខន្ធដោយចិត្តានុបស្សនា នោះឯង ព្រោះហេតុនោះ ឥឡូវនេះ ដើម្បីនឹងត្រាស់ការកំណត់សញ្ញាខន្ធ និងសង្ខារក្ខន្ធ ដោយកាន់យកមាតិកានៃសម្បយុត្តធម៌ សម្តែងធម្មានុបស្សនា ទើបត្រាស់ថា កថញ្ច ភិក្ខុ ជាដើម ។ បណ្តាបទទាំងនោះ បទថា សន្តំ បានដល់ កាលកាមច្ឆន្ទៈខាងក្នុងចិត្ត មានដោយអំណាចនៃការប្រាកដរឿយៗ ។ បទថា អសន្តំ បានដល់ មិនមាន ដោយអំណាចនៃការមិនប្រាកដ ឬថា ព្រោះលះបានហើយ ។ បទថា យថា ច បានដល់ កាមច្ឆន្ទៈ នឹងកើតឡើងដោយហេតុណា ។ បទថា តញ្ច បជានាតិ បានដល់ រមែងជ្រាបច្បាស់នូវហេតុនោះ ។ គប្បីជ្រាបអត្ថក្នុងបទ ទាំងពួង ដោយន័យនេះឯង ។ ក្នុងបទទាំងនោះ កាមច្ឆន្ទៈកើតឡើង ព្រោះអយោនិសោមនសិការក្នុង សុភនិមិត្ត ។ ឈ្មោះថា សុភនិមិត្ត សូម្បីវត្ថុដែលស្អាត ក៏ជាសុភនិមិត្ត សូម្បីអារម្មណ៍ដែលស្អាតក៏ជាសុភនិមិត្ត ។ ឈ្មោះថា អយោនិសោមនសិការ គឺមិនមនសិការក្នុងឧបាយ មនសិការខុសផ្លូវ គឺមនសិការក្នុងវត្ថុដែលមិនទៀង ថាទៀង ឬក្នុងវត្ថុដែល ជាទុក្ខ ថាជាសុខ ឬក្នុងវត្ថុដែលមិនមែនតួខ្លួន ថាជាតួខ្លួន ឬក្នុងវត្ថុដែល មិនស្អាត ថាស្អាត ដូច្នេះ ។ កាលញ៉ាំងមនសិការនោះឲ្យប្រព្រឹត្តទៅច្រើន ក្នុងធម៌ទាំង ៤ នោះ កាមច្ឆន្ទៈរមែងកើតឡើង ។