អដ្ឋកថាបញ្ញាបុច្ឆកៈ

ក្បាលទី 68 · ទំព័រ 473

បញ្ញាបុច្ឆកៈ [ ២០៨-២១០ ] ក្នុងបញ្ញាបុច្ឆកៈ គប្បីជ្រាបភាពដែលសតិប្បដ្ឋានជា កុសលជាដើម ដោយទំនងនៃព្រះបាលីនោះឯង ។ ក្នុងអារម្មណត្តិកៈ សតិប្បដ្ឋានទាំងអស់នោះ ជាអប្បមាណារម្មណៈបុណ្ណោះ ព្រោះប្រារព្ធនិព្វាន ដែលជាអប្បមាណធម៌ មិនជាមគ្គារម្មណៈ តែជាមគ្គហេតុកៈ ដោយអំណាច នៃសហជាតហេតុ ជាមគ្គាធិបតីក្នុងការចម្រើនមគ្គ ព្រោះធ្វើវីរិយៈ ឬវីមង្សា ឲ្យជាប្រធាន មិនគប្បីពោលថាជាមគ្គាធិបតី ព្រោះចម្រើនមគ្គ ដែលធ្វើឆន្ទៈ ឬចិត្តឲ្យជាប្រធាន ក្នុងកាលនៃផលក៏មិនគប្បីពោលដូចគ្នា ។ ក្នុងអតីត ជាដើម ក៏មិនគប្បីពោលដោយភាពជាឯការម្មណៈ តែព្រោះព្រះនិព្វាន ជាពហិទ្ធាធម៌ ទើបឈ្មោះថា ពហិទ្ធារម្មណ ព្រោះហេតុនោះ សតិប្បដ្ឋាន ដែលជាលោកុត្តរ ដែលសម្រេចហើយនោះឯង ព្រះមានព្រះភាគត្រាស់ក្នុង បញ្ញាបុច្ឆកៈនេះ ដោយប្រការដូច្នេះ ។ ពិតហើយ ព្រះសម្មាសម្ពុទ្ធត្រាស់ សតិប្បដ្ឋាន ដែលជាលោកិយ និងលោកុត្តរ លាយឡំគ្នាក្នុងសុត្តន្តភាជនីយ នោះឯង តែក្នុងអភិធម្មភាជនីយ និងបញ្ញាបុច្ឆកៈនេះ ត្រាស់លោកុត្តរតែ ម្យ៉ាង ។ សតិប្បដ្ឋានវិភង្គនេះ ព្រះមានព្រះភាគក៏នាំចេញចែកសម្តែងហើយ ៣ បរិវត្ត គឺសុត្តន្តភាជនីយ អភិធម្មភាជនីយ និងបញ្ញាបុច្ឆកៈ ដូចពណ៌នា មក ដូច្នេះឯង ។ អដ្ឋកថាបញ្ញាបុច្ឆកៈ ចប់ អដ្ឋកថាសតិប្បដ្ឋានវិភង្គ ចប់