សម្មប្បធានវិភង្គ អភិធម្មបិដក សម្មប្បធានវិភង្គ

ក្បាលទី 68 · ទំព័រ 474

សម្មប្បធានវិភង្គ សម្មប្បធាន ៤ គឺភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ១ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ ១ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ១ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំង ពួកកុសលធម៌ ដែលកើតហើយ ឲ្យស្ថិតនៅ មិនឲ្យវិនាស ឲ្យរឹងរឹតតែ ដុះដាល ធំទូលាយ ចម្រើនពេញលេញ ១ ។ ចុះភិក្ខុញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យ កើតឡើង តើដូចម្តេច ។ បណ្តាធម៌ទាំងនោះ ពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង តើដូចម្តេច ។ អកុសលមូល ៣ គឺលោភៈ ទោសៈ មោហៈ និងពួកកិលេស ដែលស្ថិតនៅជាមួយនឹងអកុសលមូលនោះ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ វិញ្ញាណក្ខន្ធ ដែលប្រកបដោយកិលេសនោះ កាយកម្ម វចីកម្ម មនោកម្ម ដែលតាំងឡើងដោយខន្ធនោះ ធម៌ទាំងនេះ ហៅថា អកុសលធម៌ដ៏លាមក ដែលមិនទាន់កើតឡើង ។ ភិក្ខុញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងអកុសលធម៌ដ៏លាមកទាំងនេះ ដែលមិនទាន់កើត មិនឲ្យកើតឡើង ដោយប្រការដូច្នេះ ។