ឥទ្ធិបទវិភង្គ អភិធម្មបិដក ឥទ្ធិបាទវិភង្គ

ក្បាលទី 68 · ទំព័រ 522

ឥទ្ធិបទវិភង្គ ឥទ្ធិបាទ ៤ គឺភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយ ឆន្ទសមាធិ និងបធានសង្ខារ ១ ចម្រើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ និងបធានសង្ខារ ១ ចម្រើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចម្រើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និង បធានសង្ខារ ១ ។ ចុះភិក្ខុចម្រើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និង បធានសង្ខារ តើដូចម្តេច ។ បើភិក្ខុធ្វើឆន្ទៈឲ្យជាអធិបតី រមែងបាននូវសមាធិ បាននូវភាពនៃចិត្តមានអារម្មណ៍មូលតែមួយ នេះហៅថា ឆន្ទសមាធិ ។ ភិក្ខុ នោះ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បី ញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ញ៉ាំង ឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវ ពួកអកុសលធម៌ដ៏លាមក ដែលកើតហើយ ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកកុសលធម៌ ដែលមិន ទាន់កើត ឲ្យកើតឡើង ញ៉ាំងឆន្ទៈឲ្យកើត សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកកុសលធម៌ ដែលកើតហើយ ឲ្យស្ថិតនៅ មិនឲ្យ វិនាស ឲ្យរឹងរឹតតែដុះដាល ធំទូលាយ ចម្រើន ពេញលេញ ធម៌ទាំងនេះ ហៅថា បធានសង្ខារ ។ ឆន្ទសមាធិនេះផង បធានសង្ខារនេះផង ដល់នូវការរាប់ ថា ឆន្ទសមាធិ និងបធានសង្ខារ ព្រោះប្រមូលរួបរួមនូវធម៌នោះ ក្នុងទីជា មួយគ្នា ដោយប្រការដូច្នេះ ។ បណ្តាធម៌ទាំងនោះ ឆន្ទៈ តើដូចម្តេច ។ សេចក្តីប្រាថ្នា ភាព នៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នាធម៌ជា កុសលណា នេះហៅថា ឆន្ទៈ ។ បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច ។ ការតាំងនៅ ការខ្