អដ្ឋកថាឥទ្ធិបាទវិភង្គ
ឥទ្ធិបទវិភង្គ ៣ សុត្តន្តភាជនីយ [ ២៥១-២៦៣ ] ឥឡូវនេះ ដើម្បីជ្រាបវិនិច្ឆ័យក្នុងឥទ្ធិបាទវិភង្គ ដែល ជាលំដាប់បន្តអំពីសម្មប្បធានវិភង្គនោះដូចតទៅ បទថា ចត្តារោ ជាពាក្យកំណត់ចំនួន ។ ក្នុងបទថា ឥទ្ធិបទា នេះ ឈ្មោះថា ឥទ្ធិ ព្រោះអត្ថថា រមែងរុងរឿង អធិប្បាយថា រុងរឿងដោយល្អ គឺសម្រេច ។ ម្យ៉ាងទៀត សត្វទាំងឡាយដែលសម្រេច ដែលចម្រើន រមែង សម្រេច រមែងដល់នូវភាពជាបុគ្គលប្រសើរដោយសភាវៈនេះ ព្រោះហេតុ នោះ ទើបសភាវៈនោះ ឈ្មោះថា ឥទ្ធិ ។ ពោលដោយអត្ថទី ១ បទ គឺ ឥទ្ធិ ឈ្មោះថា ឥទ្ធិបទ អធិប្បាយថា ជាចំណែកមួយរបស់ឥទ្ធិ ពោល ដោយអត្ថទី ២ ឈ្មោះថា ឥទ្ធិបទ ព្រោះជាជើងនៃឫទ្ធិ ។ ពាក្យថា បទ បានដល់ ជាទីអាស្រ័យ គឺជាឧបាយគ្រឿងសម្រេច ។ ពិតហើយ ព្រោះសត្វ ទាំងឡាយរមែងដល់នូវឥទ្ធិ ពោល គឺគុណវិសេសដែលខ្ពស់ឡើងៗ ដោយ ឧបាយជាគ្រឿងសម្រេចនោះ ហេតុនោះ ទើបហៅថា បទ ។ បណ្ឌិតគប្បី ជ្រាបអត្ថក្នុងពាក្យថា ចត្តារោ ឥទ្ធិបទា នេះ ដោយពាក្យមានប្រមាណ បុណ្ណេះ ។ ឥឡូវនេះ ព្រះមានព្រះភាគ ដើម្បីទ្រង់ចែកសម្តែងឥទ្ធិបាទទាំងនោះ ទើបត្រាស់ពាក្យថា ឥធ ភិក្ខុ ជាដើម ។ បណ្តាពាក្យទាំងនោះ ពាក្យថា ឥធ ភិក្ខុ បានដល់ ភិក្ខុក្នុងសាសនានេះ ។ ក្នុងបទថា ឆន្ទសមាធិបធានសង្ខារសមន្នាគតំ នេះ បានដល់ សមាធិដែលមានឆន្ទៈជាហេតុ ឬដែលក្រៃលែង ដោយឆន្ទៈ ឈ្មោះថា ឆន្ទសមាធិ ។ បទថា ឆន្ទសមាធិ នេះ ជាឈ្មោះនៃ សមាធិដែលបានចំពោះហើយ ព្រោះធ្វើកត្តុកម្យតាឆន្ទៈឲ្យជាអធិបតី ។