អភិធម្មបិដក អភិធម្មភាជនីយ

ក្បាលទី 68 · ទំព័រ 540

អភិធម្មភាជនីយ ឥទ្ធិបាទ ៤ គឺភិក្ខុក្នុងសាសនានេះ ចម្រើននូវឥទ្ធិបាទ ប្រកបដោយ ឆន្ទសមាធិ និងបធានសង្ខារ ១ ចម្រើននូវឥទ្ធិបាទ ប្រកបដោយ វីរិយសមាធិ និងបធានសង្ខារ ១ ចម្រើននូវឥទ្ធិបាទ ប្រកបដោយចិត្តសមាធិ និងបធានសង្ខារ ១ ចម្រើននូវឥទ្ធិបាទ ប្រកបដោយវីមំសាសមាធិ និងបធានសង្ខារ ១ ។ ចុះភិក្ខុចម្រើននូវឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ និង បធានសង្ខារ តើដូចម្តេច ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើន នូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិនសន្សំ ( នូវ កិលេសវដ្តៈ ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ ចាកកាមទាំងឡាយ ។ បេ ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ភិក្ខុ ឈ្មោះថា ចម្រើននូវឥទ្ធិបាទ ប្រកបដោយ ឆន្ទសមាធិ និងបធានសង្ខារ ។ បណ្តាធម៌ទាំងនោះ ឆន្ទៈ តើដូចម្តេច ។ សេចក្តីប្រាថ្នា ភាពនៃបុគ្គលមានសេចក្តីប្រាថ្នា ភាពនៃបុគ្គលប្រាថ្នាដើម្បីធ្វើ ការប្រាថ្នាធម៌ ជាកុសលណា នេះហៅថា ឆន្ទៈ ។ បណ្តាធម៌ទាំងនោះ សមាធិ តើដូចម្តេច ។ ការតាំងនៅនៃចិត្ត ។ បេ ។ សម្មាសមាធិ សមាធិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សមាធិ ។ បណ្តាធម៌ទាំងនោះ បធានសង្ខារ តើដូចម្តេច ។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត ។ បេ ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះ ហៅថា បធានសង្ខារ ។ ភិក្ខុជាអ្នកព្រមព្រៀង ។ បេ ។ ប្រកបព្រមដោយ ឆន្ទៈនេះផង ដោយសមាធិនេះផង ដោយបធានសង្ខារនេះផង ព្រោះហេតុ នោះ ទើបពោលថា ប្រកបដោយឆន្ទសមាធិ និងបធានសង្ខារ ដោយប្រការ ដូច្នេះ ។