អដ្ឋកថាបញ្ញាបុច្ឆកៈ

ក្បាលទី 68 · ទំព័រ 553

បញ្ញាបុច្ឆកៈ [ ២៨២-២៨៧ ] ក្នុងបញ្ញាបុច្ឆកៈ បណ្ឌិតគប្បីជ្រាបឥទ្ធិបាទទាំងឡាយ ជាកុសលជាដើម ដោយទំនងនៃព្រះបាលីនោះឯង ។ តែក្នុងអារម្មណត្តិកៈ ទាំងឡាយ ឥទ្ធិបាទទាំងអស់នេះ ជាអប្បមាណារម្មណៈបុណ្ណោះ ព្រោះប្រារព្ធ ព្រះនិព្វានដែលជាអប្បាមាណធម៌ ប្រព្រឹត្តទៅ មិនជាមគ្គារម្មណៈ ។ តែជា មគ្គហេតុកៈ ដោយអំណាចសហជាតហេតុ មិនជាមគ្គាធិបតី ព្រោះថា អធិបតី ៤ មិនធ្វើនូវគ្នានិងគ្នាឲ្យជាធំ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះភាពដែលខ្លួនឯងជាធំបំផុត ។ ឧបមាដូចរាជបុត្រ ៤ អង្គ មានជាតិស្មើគ្នា មានវ័យស្មើគ្នា មាន កម្លាំងស្មើគ្នា មានសិប្បៈស្មើគ្នា រមែងមិនធ្វើនូវការឱនលំទោនដល់គ្នានិងគ្នា ព្រោះខ្លួនជាធំបំផុតយ៉ាងណា អធិបតីទាំង ៤ នេះ ក៏យ៉ាងនោះ រមែងមិន ធ្វើនូវគ្នានិងគ្នាឲ្យជាធំ ព្រោះភាពដែលធម៌ទាំងនោះ នីមួយៗ ក៏ជាធំដូចគ្នា ព្រោះហេតុនោះ ទើបឥទ្ធិបាទទាំង ៤ នោះ មិនជាមគ្គាធិបតី ដោយ ចំណែកមួយនោះឯង ។ ក្នុងអតីតារម្មណៈជាដើម ក៏ពោលមិនបាន ក្នុងភាពជា អារម្មណ៍តែមួយ ។ ឥទ្ធិបាទទាំង ៤ នោះ ឈ្មោះថា ជាពហិទ្ធារម្មណ៍ ព្រោះព្រះនិព្វានជាធម៌ខាងក្រៅ ដូច្នេះឯង ។ ក្នុងបញ្ញាបុច្ឆកៈនេះ លោក ពោលឥទ្ធិបាទទាំងឡាយថា ជាលោកុត្តរដែលកើតឡើងហើយនោះឯង ។ ពិតហើយ ព្រះសម្មាសម្ពុទ្ធត្រាស់ឥទ្ធិបាទទាំងឡាយ ដែលជាលោកិយ និង លោកុត្តរលាយឡំគ្នា ក្នុងសុត្តន្តភាជនីយនោះឯង តែក្នុងអភិធម្មភាជនីយ និងក្នុងបញ្ញាបុច្ឆកៈ ត្រាស់ថា ជាលោកុត្តរតែម្យ៉ាង ។