អដ្ឋកថាពោជ្ឈង្គវិភង្គ
ពោជ្ឈង្គវិភង្គ ៣ សុត្តន្តភាជនីយ [ ២៨៨-២៩៨ ] ឥឡូវនេះ គប្បីជ្រាបវិនិច្ឆ័យក្នុងពោជ្ឈង្គវិភង្គ ដែល ជាលំដាប់បន្តអំពីឥទ្ធិបាទវិភង្គដូចតទៅ បទថា សត្ត ជាពាក្យកំណត់ចំនួន ។ បទថា ពោជ្ឈង្គា មានវិគ្គហៈថា ឈ្មោះថា ពោជ្ឈង្គ ព្រោះអត្ថថា ជាអង្គនៃបញ្ញាជាគ្រឿងត្រាស់ដឹង ឬជាអង្គ នៃព្រះសាវ័កដែលត្រាស់ដឹង ។ លោកអធិប្បាយពាក្យនេះថា ធម្មសាមគ្គីនេះ ហៅថា ពោធិ ព្រោះធ្វើពាក្យអធិប្បាយថា អរិយសាវ័ក រមែងត្រាស់ដឹង ដោយធម្មសាមគ្គី ពោល គឺសតិ ធម្មវិចយៈ វីរិយៈ បីតិ បស្សទ្ធិ សមាធិ និងឧបេក្ខាដែលកើតឡើងក្នុងខណៈនៃលោកុត្តរមគ្គឯណា ដែលជាបដិបក្ខ ចំពោះឧបទ្ទវ គឺអន្តរាយមិនមែនតិច មានការរួញរា ការរាយមាយ ការតាំង នៅនៃទុក្ខ ការកពូន គឺប្រមូលមកនូវទុក្ខ ដែលមានការប្រកាន់មាំក្នុង កាមសុខ អត្តកិលមថានុយោគ ឧច្ឆេទទិដ្ឋិ សស្សតទិដ្ឋិជាដើម ។ ពាក្យថា រមែងត្រាស់ដឹង បានដល់ ធម្មសាមគ្គីនោះ រមែងតាំងឡើង ( ភ្ញាក់ ) អំពីការដេកលក់នៃការបន្តរបស់កិលេស ។ ម្យ៉ាងទៀត ពាក្យថា រមែងត្រាស់ដឹង បានដល់ រមែងចាក់ធ្លុះនូវសច្ចៈទាំង ៤ ឬរមែងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាននោះឯង ។ ឈ្មោះថា ពោជ្ឈង្គ ព្រោះអត្ថថា ជាអង្គ នៃបញ្ញាជាគ្រឿងត្រាស់ដឹង ពោល គឺធម្មសាមគ្គីនោះ ដូចអង្គនៃឈាន និង អង្គនៃមគ្គជាដើមក៏បាន ។ ព្រះអរិយសាវ័កនេះ លោកហៅថា ពោធិ ( អ្នក ត្រាស់ដឹង ) ព្រោះធ្វើពាក្យអធិប្បាយថា រមែងត្រាស់ដឹងដោយធម្មសាមគ្គី មានប្រការតាមដែលពោលមកនោះ ព្រោះអត្ថថា ជាអង្គនៃអរិយសាវ័កអ្នក ត្រាស់ដឹងនោះ ដូចអង្គនៃសេនា អង្គនៃរថជាដើម ។