អភិធម្មបិដក អភិធម្មភាជនីយ
អភិធម្មភាជនីយ ពោជ្ឈង្គ ៧ គឺសតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ។ បណ្តាធម៌ទាំងនោះ ពោជ្ឈង្គ ៧ តើដូចម្តេច ។ ក្នុង សម័យណា ភិក្ខុក្នុងសាសនានេះ ចម្រើនលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជា គ្រឿងដល់នូវការមិនសន្សំ ( នូវកិលេសវដ្តៈ ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ ហើយចូលកាន់ បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ ពោជ្ឈង្គ ៧ យ៉ាង គឺ សតិសម្ពោជ្ឈង្គ ១ ។ បេ ។ ឧបេក្ខាសម្ពោជ្ឈង្គ ១ ក៏កើតមាន ។ បណ្តាសម្ពោជ្ឈង្គទាំងនោះ សតិសម្ពោជ្ឈង្គ តើដូចម្តេច ។ ការរពឫក ការនឹកឃើញ ។ បេ ។ ការរពឫកត្រូវ សតិសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សតិសម្ពោជ្ឈង្គ ។ បណ្តាសម្ពោជ្ឈង្គទាំងនោះ ធម្មវិចយសម្ពោជ្ឈង្គ តើដូចម្តេច ។ បញ្ញា ការដឹងច្បាស់ ។ បេ ។ ការមិនវង្វេង ការពិចារណានូវធម៌ ការយល់ត្រូវ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា ធម្មវិចយសម្ពោជ្ឈង្គ ។ បណ្តាសម្ពោជ្ឈង្គទាំងនោះ វីរិយសម្ពោជ្ឈង្គ តើដូចម្តេច ។ ការប្រារព្ធព្យាយាម ប្រព្រឹត្តទៅក្នុងចិត្ត ។ បេ ។ សម្មាវាយាមៈ វីរិយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា វីរិយសម្ពោជ្ឈង្គ ។ បណ្តាសម្ពោជ្ឈង្គទាំងនោះ បីតិសម្ពោជ្ឈង្គ តើដូចម្តេច ។ សេចក្តីឆ្អែតចិត្ត សេចក្តីរីករាយ សេចក្តីសប្បាយ សេចក្តីស្រួល ការស្រស់ស្រាយ ការញញឹមញញែម អំណរ ការអណ្តែតអណ្តូង សេចក្តីត្រេកអរនៃ ចិត្ត បីតិសម្ពោជ្ឈង្គណា នេះហៅថា បីតិសម្ពោជ្ឈង្គ ។