មគ្គវិភង្គ អភិធម្មបិដក មគ្គវិភង្គ
មគ្គវិភង្គ អរិយមគ្គ មានអង្គ ៨ ។ មគ្គ មានអង្គ ៨ គឺអ្វីខ្លះ ។ គឺ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ ។ បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច ។ ការដឹង ក្នុងកងទុក្ខ ការដឹងក្នុងទុក្ខសមុទ័យ ការដឹងក្នុងទុក្ខនិរោធ ការដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា នេះហៅថា សម្មាទិដ្ឋិ ។ បណ្តាអរិយមគ្គទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច ។ ការ ត្រិះរិះក្នុងការចេញចាកកាម ការត្រិះរិះក្នុងការមិនព្យាបាទ ការត្រិះរិះក្នុងការ មិនបៀតបៀន នេះហៅថា សម្មាសង្កប្បៈ ។ បណ្តាអរិយមគ្គទាំងនោះ សម្មាវាចា តើដូចម្តេច ។ ចេតនា ជាហេតុវៀរចាកមុសាវាទ ចេតនាជាហេតុវៀរចាកបិសុណាវាចា ចេតនា ជាហេតុវៀរចាកផរុសវាចា ចេតនាជាហេតុវៀរចាកសម្ផប្បលាបៈ នេះ ហៅថា សម្មាវាចា ។ បណ្តាអរិយមគ្គទាំងនោះ សម្មាកម្មន្តៈ តើដូចម្តេច ។ ចេតនា ជាហេតុវៀរចាកបាណាតិបាត ចេតនាជាហេតុវៀរចាកអទិន្នាទាន ចេតនា ជាហេតុវៀរចាកកាមេសុមិច្ឆាចារ នេះហៅថា សម្មាកម្មន្តៈ ។ បណ្តាអរិយមគ្គទាំងនោះ សម្មាអាជីវៈ តើដូចម្តេច ។ អរិយសាវ័កក្នុងសាសនានេះ លះបង់ការចិញ្ចឹមជីវិតខុស សម្រេចជីវិត ដោយការចិញ្ចឹមជីវិតត្រូវ នេះហៅថា សម្មាអាជីវៈ ។ បណ្តាអរិយមគ្គទាំងនោះ សម្មាវាយាមៈ តើដូចម្តេច ។ ភិក្ខុក្នុងសាសនានេះ ញ៉ាំងឆន្ទៈ ( សេចក្តីប្រាថ្នា ) ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីញ៉ាំងពួកអកុសលធម៌ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើង ញ៉ាំងឆន្ទៈឲ្យកើតឡើង សង្វាត ប្រារព្ធ ព្យាយាម ផ្គងចិត្ត ប្រឹងប្រែង ដើម្បីលះនូវពួកអកុសលធម៌ដ៏លាមក ដែល កើតឡើងហើយ ញ៉ាំងឆន្ទ