អភិធម្មបិដក អភិធម្មភាជនីយ
អភិធម្មភាជនីយ មគ្គមានអង្គ ៨ គឺសម្មាទិដ្ឋិ ។ បេ ។ សម្មាសមាធិ ។ បណ្តា ធម៌ទាំងនោះ មគ្គមានអង្គ ៨ តើដូចម្តេច ។ ក្នុងសម័យណា ភិក្ខុក្នុងសាសនា នេះ ចម្រើននូវលោកុត្តរជ្ឈាន ជានិយ្យានិកធម៌ ជាគ្រឿងដល់នូវការមិន សន្សំ ( នូវកិលេសវដ្តៈ ) ដើម្បីលះនូវទិដ្ឋិទាំងឡាយ ដើម្បីដល់នូវបឋមភូមិ ស្ងាត់ចាកកាមទាំងឡាយ ។ បេ ។ ហើយចូលកាន់បឋមជ្ឈាន ជាទុក្ខាបដិបទាទន្ធាភិញ្ញា ក្នុងសម័យនោះ មគ្គមានអង្គ ៨ គឺសម្មាទិដ្ឋិ ។ បេ ។ សម្មាសមាធិក៏កើតមាន ។ បណ្តាអរិយមគ្គទាំងនោះ សម្មាទិដ្ឋិ តើដូចម្តេច ។ បញ្ញា ការដឹងច្បាស់ ។ បេ ។ ការមិនវង្វេង ការសង្កេតនូវធម៌ សម្មាទិដ្ឋិ ធម្មវិចយសម្ពោជ្ឈង្គ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាទិដ្ឋិ ។ បណ្តាអរិយមគ្គទាំងនោះ សម្មាសង្កប្បៈ តើដូចម្តេច ។ សេចក្តីត្រិះរិះ ការរិះគិត ការនឹកភ្នក ការរំពឹង ការជញ្ជឹង ការលើកចិត្តឡើង សម្មាសង្កប្ប ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាសង្កប្បៈ ។ បណ្តាអរិយមគ្គទាំងនោះ សម្មាវាចា តើដូចម្តេច ។ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការងាកចេញចាកវចីទុច្ចរិត ៤ គឺការមិនសាង ការមិនធ្វើ ការមិនប្រព្រឹត្ត ការមិនល្មើសឲ្យហួសដែន ការសម្លាប់ហេតុ ( ដោយអរិយមគ្គ ) សម្មាវាចា ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម្មាវាចា ។ បណ្តាអរិយមគ្គទាំងនោះ សម្មាកម្មន្តៈ តើដូចម្តេច ។ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការងាកចេញចាកកាយទុច្ចរិត ៣ គឺការមិន សាង ការមិនធ្វើ ការមិនប្រព្រឹត្ត ការមិនល្មើសឲ្យហួសដែន ការសម្លាប់ ហេតុ ( ដោយអរិយមគ្គ ) សម្មាកម្មន្តៈ ជាអង្គនៃមគ្គ រាប់បញ្ចូលក្នុងមគ្គណា នេះហៅថា សម