អដ្ឋកថាអប្បមញ្ញាវិភង្គ
អប្បមញ្ញាវិភង្គ ៣ សុត្តន្តភាជនីយ [ ៤៩០-៤៩៨ ] ឥឡូវនេះ បណ្ឌិតគប្បីជ្រាបវិនិច្ឆ័យក្នុងអប្បមញ្ញាវិភង្គ ក្នុងលំដាប់នៃឈានវិភង្គនោះដូចតទៅ បទថា ចតស្សោ ជាពាក្យកំណត់ចំនួន ។ បទថា អប្បមញ្ញាយោ បានដល់ ឈ្មោះថា អប្បមញ្ញាទាំងឡាយ ព្រោះអំណាចនៃការផ្សាយទៅមិន មានប្រមាណ ។ ពិតហើយ អប្បមញ្ញាទាំងនោះ រមែងផ្សាយទៅកាន់សត្វ ទាំងឡាយ មិនមានប្រមាណ ដោយអំណាចនៃអារម្មណ៍ ឬរមែងផ្សាយទៅកាន់ សត្វសូម្បីមួយ ដោយអំណាចនៃការផ្សាយទៅ ដែលមិនមានចំណែក សេសសល់ ព្រោះហេតុនោះ ទើបខ្ញុំពោលថា ឈ្មោះថា អប្បមញ្ញា ព្រោះ អំណាចនៃការផ្សាយទៅ មិនមានប្រមាណ ។ បទថា ឥធ ភិក្ខុ បានដល់ ភិក្ខុក្នុងសាសនានេះ ។ បទថា មេត្តាសហគតេន បានដល់ ប្រកបដោយ មេត្តា ។ បទថា ចេតសា បានដល់ ដោយចិត្ត ។ បទថា ឯកំ ទិសំ បាន ដល់ ទិសមួយ ។ ពាក្យនេះ ព្រះមានព្រះភាគត្រាស់សំដៅយកសត្វ ដែល ភិក្ខុកំណត់ដំបូងដោយអំណាចនៃការផ្សាយទៅកាន់សត្វ ដែលទាក់ទងដោយ ទិសមួយ ។ បទថា ផរិត្វា បានដល់ ពាល់ត្រូវហើយ គឺធ្វើឲ្យជាអារម្មណ៍ ។ បទថា វិហរតិ បានដល់ ឲ្យវិហារធម៌ប្រព្រឹត្តទៅក្នុងឥរិយាបថ ដែលខ្លួនតាំង មាំហើយ ដោយព្រហ្មវិហារ ។ បទថា តថា ទុតិយំ អធិប្បាយថា រមែង ផ្សាយទៅកាន់សត្វក្នុងទិសទាំងឡាយ មានទិសខាងកើតជាដើម ទិសណាមួយ ក្នុងទិសទី ២ ទិសទី ៣ ទិសទី ៤ ដោយលំដាប់ ក៏យ៉ាងនោះដូចគ្នា ។ បទថា ឥតិ ឧទ្ធំ មានពាក្យអធិប្បាយថា ទិសខាងលើ ក៏ន័យនេះដូចគ្នា ។ បទថា អធោ តិរិយំ បានដល់ ទិសខាងក្រោមក្តី ទិសទទឹងក្តី គប្បី ផ្សាយមេត្តាទៅយ៉ាងនោះឯង ។ ម្យ៉ាងទៀត ក្នុងពាក្យថា ទិសខាងលើ ទិស ខាងក្រោម បទថា អធោ នេះ បានដល់ ទិសខាងក្រោម ។ បទថា តិរិយំ បានដល់ ទិសតូច អធិប្បា