អភិធម្មបិដក សិក្ខាបទវិភង្គ ្ប អភិធម្មភាជនីយ ្ទ

ក្បាលទី 69 · ទំព័រ 2

សិក្ខាបទវិភង្គ សិក្ខាបទ ៥ គឺសិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំង សត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា កាន់យកនូវវត្ថុដែលគេមិនបានឲ្យ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក កិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក កិរិយាពោលនូវពាក្យកុហក ១ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកហេតុ ជាទីតាំងនៃសេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ១ ។ បណ្តាសិក្ខាបទទាំង ៥ នេះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាក កិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើដូចម្តេច ។ ក្នុងសម័យ ណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយ ញាណកើតឡើង ក្នុងសម័យនោះ ការវៀរ ការចៀសវាង ការវៀរស្រឡះ ការបណ្តេញនូវពៀរ ចាកបាណាតិបាត គឺការមិនធ្វើ ការមិនសាង ការ មិនល្មើស ការមិនប្រព្រឹត្តកន្លងវេលាការសម្លាប់ហេតុណា របស់បុគ្គលដែល វៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺ ចេតនាជាហេតុវៀរចាក កិរិយាញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនាជាហេតុវៀរ ។ បណ្តាសិក្ខាបទទាំង ៥ នោះ សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយាញ៉ាំងសត្វមានជីវិត ឲ្យធ្លាក់ចុះកន្លង តើ ដូចម្តេច ។ ក្នុងសម័យណា ចិត្តជាកាមាវចរកុសល ច្រឡំដោយសោមនស្ស សម្បយុត្តដោយញាណ កើតឡើង ក្នុងសម័យនោះ ការគិត អាការគិត សេចក្តីគិតណា របស់បុគ្គលដែលវៀរចាកបាណាតិបាត នេះហៅថា សិក្ខាបទ គឺចេតនាជាហេតុវៀរចាកកិរិយា ញ៉ាំងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង ធម៌ទាំងឡាយ ដ៏សេស ក៏ឈ្មោះថា សម្បយុត្តដោយចេតនា ។