អដ្ឋកថា សុត្តន្តភាជនីយ
បដិសម្ភិទាវិភង្គ សុត្តន្តភាជនីយ សង្គហវារ [ ១១-១៧ ] ឥឡូវនេះ គប្បីជ្រាបវិនិច្ឆ័យ ក្នុងបដិសម្ភិទាវិភង្គ ក្នុង លំដាប់នៃសិក្ខាបទវិភង្គដូចតទៅ បទថា ចតស្សោ ជាពាក្យកំណត់ចំនួន ។ បទថា បដិសម្ភិទា បាន ដល់ បញ្ញាដែលបែកធ្លាយ ។ ព្រោះដំបូង ព្រះមានព្រះភាគត្រាស់ថា ការបែកធ្លាយក្នុងអត្ថ ឈ្មោះថា អត្ថេ ញាណំ អត្ថប្បដិសម្ភិទា ជាដើម ហេតុនោះ បណ្ឌិតគប្បីជ្រាបថា មិនមែនជាការបែកធ្លាយក្នុងវត្ថុណាឡើយ ក្រៅអំពីការបែកធ្លាយរបស់ញាណបុណ្ណោះ ព្រោះហេតុនោះ ដោយពាក្យថា បដិសម្ភិទា ៤ ទើបខ្ញុំសង្គ្រោះអត្ថនេះថា ការបែកធ្លាយនៃញាណមាន ៤ ប្រការ ។ បដិសម្ភិទាក្នុងអត្ថ ឈ្មោះថា អត្ថប្បដិសម្ភិទា អធិប្បាយថា ញាណ ដែលដល់នូវការបែកធ្លាយក្នុងអត្ថដែលអាចធ្វើវិគ្គហៈ អត្ថប្រភេទផ្សេងៗ ឲ្យ ជាក់ច្បាស់ដោយការពិចារណា ។ ក្នុងបទដ៏សេសក៏ន័យនេះ ។ ពិតហើយ ញាណដែលដល់នូវការបែកធ្លាយក្នុងធម៌ ដែលអាចធ្វើវិគ្គហៈ ក្នុងធម្មជាត ផ្សេងៗ ឲ្យជាក់ច្បាស់ ដោយការពិចារណា ឈ្មោះថា ធម្មប្បដិសម្ភិទា ។ ញាណដែលដល់នូវការបែកធ្លាយ ក្នុងការពោលនូវនិរុត្តិធម៌ ដែលអាចធ្វើ វិគ្គហៈក្នុងនិរុត្តិ គឺភាសាផ្សេងៗ ឲ្យជាក់ច្បាស់ដោយការពិចារណា ឈ្មោះថា និរុត្តិប្បដិសម្ភិទា ។ ញាណដែលដល់នូវការបែកធ្លាយក្នុងបដិភាណ គឺ ឈ្លាសក្នុងការសួរឆ្លើយបានរហ័ស ដែលអាចធ្វើវិគ្គហៈក្នុងបដិភាណប្រភេទ ផ្សេងៗ ឲ្យជាក់ច្បាស់ ដោយការពិចារណា ឈ្មោះថា បដិភាណប្បដិសម្ភិទា ។