អធិប្បាយ សច្ចវារជាដើម
ឥឡូវនេះ ដើម្បីចែកបដិសម្ភិទាទាំងឡាយ ដោយអត្ថនៃការសម្តែង ប្រភេទនៃអត្ថ ៥ យ៉ាង និងធម៌ ៥ យ៉ាង ដែលទ្រង់សង្គ្រោះក្នុង សង្គហវារ ទើបព្រះមានព្រះភាគ ផ្តើមប្រភេទវារៈ ដោយន័យជាដើមថា ចតស្សោ ដូច្នេះទៀត ។ វារៈនោះមាន ៥ យ៉ាង ដោយអំណាចនៃសច្ចវារ ហេតុវារ ធម្មវារ បច្ចយាការវារ បរិយត្តិវារ ។ ក្នុងវារៈទាំងនោះ ព្រះមានព្រះភាគ ត្រាស់សច្ចវារ ក៏ដើម្បីសម្តែងថា ទុក្ខដែលអាស្រ័យបច្ច័យកើតឡើង និងព្រះនិព្វាន ដែលគប្បីសម្រេចបាន ដោយបច្ច័យជាអត្ថ និងដើម្បីសម្តែងថា សមុទយៈដែលធ្វើផលឲ្យកើត និង អរិយមគ្គដែលជាហេតុឲ្យដល់ព្រះនិព្វាន ជាធម៌ ។ ព្រះមានព្រះភាគត្រាស់ហេតុវារ ក៏ដើម្បីសម្តែងថា ហេតុដែលធ្វើ ផលឲ្យកើតឡើងឯណានីមួយជាធម៌ និងដើម្បីសម្តែងផលនៃហេតុជាអត្ថ ។ ក្នុងសេចក្តីនេះ ព្រះមានព្រះភាគទ្រង់លើកធម្មប្បដិសម្ភិទាសម្តែងមុន ដោយ មិនប្រព្រឹត្តទៅតាមលំដាប់ ដោយលំដាប់នៃហេតុ និងផល ។ ធម៌ពួកណា កើតអំពីហេតុ មានរូបធម៌ និងអរូបធម៌នោះៗ ដើម្បីទ្រង់ សម្តែងថា ធម៌ទាំងនោះ ជាអត្ថ និងដើម្បីសម្តែងថា ហេតុ មានរូបធម៌ និង អរូបធម៌នោះៗ ជាធម្មៈ ទើបព្រះមានព្រះភាគត្រាស់ធម្មវារ ។ ដើម្បីសម្តែងថា ធម៌ទាំងឡាយ មានជរា និងមរណៈជាដើម ជាអត្ថ និង ធម៌ទាំងឡាយ មានជាតិជាដើម ពោល គឺហេតុកើតឡើងដល់ជរា និងមរណៈ ជាដើម ជាធម្មៈ ទើបព្រះមានព្រះភាគត្រាស់បច្ចយាការវារ ។ លំដាប់នោះ ដើម្បីសម្តែងនូវភាសិតនោះៗ ពោល គឺបរិយត្តិជាធម៌ និង នូវភាពនៃភាសិតដែលគប្បីសម្រេចបានដោយបច្ច័យ ពោល គឺភាសិតជាអត្ថ ទើបព្រះមានព្រះភាគត្រាស់បរិយត្តិវារ ។