អដ្ឋកថា បញ្ញាបុច្ឆកៈ

ក្បាលទី 69 · ទំព័រ 73

បញ្ញាបុច្ឆកៈ [ ២៣-២៨ ] ក្នុងបញ្ញាបុច្ឆកៈ បណ្ឌិតគប្បីជ្រាបភាពដែលបដិសម្ភិទា ៤ ជាកុសលជាដើម ដោយទំនងនៃព្រះបាលីនោះឯង ។ តែក្នុងអារម្មណត្តិកៈទាំងឡាយ និរុត្តិប្បដិសម្ភិទា ធ្វើសំឡេងប៉ុណ្ណោះ ឲ្យជាអារម្មណ៍ ព្រោះហេតុនោះ ទើបជាបរិត្តារម្មណៈ ។ អត្ថប្បដិសម្ភិទា កាលពិចារណាអត្ថ ពោល គឺកាមាវចរវិបាក និង កាមាវចរកិរិយា និងអត្ថដែលអាស្រ័យបច្ច័យកើតឡើងជាបរិត្តារម្មណៈ កាល ពិចារណាអត្ថនៃរូបាវចរ និងអរូបាវចរ មានប្រភេទតាមដែលពោលហើយនោះ ជាមហគ្គតារម្មណៈ កាលពិចារណាអត្ថនៃលោកុត្តរវិបាក និងព្រះនិព្វានដែល ជាបរមត្ថ ជាអប្បមាណារម្មណៈ ។ ធម្មប្បដិសម្ភិទា កាលពិចារណាកាមាវចរកុសលធម៌ កាមាវចរអកុសលធម៌ និងធម៌ដែលជាបច្ច័យ ជាបរិត្តារម្មណៈ កាលពិចារណាកុសលធម៌ ដែលជារូបាវចរ អរូបាវចរ និងធម៌ដែលជាបច្ច័យ ជាមហគ្គតារម្មណៈ កាល ពិចារណាកុសលធម៌ដែលជាលោកុត្តរ និងធម៌ដែលជាបច្ច័យ ជាអប្បមាណារម្មណៈ ។ បដិភាណប្បដិសម្ភិទា កាលពិចារណាញាណ ក្នុងកាមាវចរកុសល កាមាវចរវិបាក និងកាមាវចរកិរិយា ជាបរិត្តារម្មណៈ កាលពិចារណាញាណក្នុង កុសល វិបាក និងកិរិយាដែលជារូបាវចរ និងអរូបាវចរ ដឹងអារម្មណ៍ទាំង ឡាយ របស់ញាណទាំងនោះ ជាមហគ្គតារម្មណៈ កាលពិចារណាញាណ ក្នុងកុសល និងវិបាកដែលជាលោកុត្តរ ជាអប្បមាណារម្មណៈ ។ អត្ថប្បដិសម្ភិទា ជាមគ្គហេតុកៈ ដោយអំណាចនៃសហជាតហេតុក៏មាន ជាមគ្គាធិបតីដោយការចម្រើនមគ្គ មានវីរិយៈជាប្រធាន មិនគប្បីពោលថា ជាមគ្គាធិបតីដោយការចម្រើនមគ្គ ដែលមានឆន្ទៈ និងចិត្តជាប្រធានក្នុងកាល នៃផល ក៏មិនគប្បីពោលនោះឯង ។