កម្លាំងកាយរបស់ព្រះតថាគត

ក្បាលទី 69 · ទំព័រ 96

កម្លាំងរបស់ព្រះតថាគតក្នុងទីនេះ មាន ២ យ៉ាង គឺកម្លាំងកាយ ១ កម្លាំងញាណ ១ ។ ក្នុងកម្លាំង ២ យ៉ាងនោះ បណ្ឌិតគប្បីជ្រាបកម្លាំងកាយរបស់ព្រះតថាគត ដោយទំនងនៃត្រកូលដំរីនោះឯង ។ កម្លាំងកាយរបស់ព្រះតថាគត សមដូចបោរាណាចារ្យពោលថា ត្រកូលនៃដំរីទាំងឡាយ ១០ គឺ ត្រកូលនៃដំរីឈ្មោះកាឡាវកៈ ១ ត្រកូលនៃដំរីឈ្មោះគង្គេយ្យៈ ១ ត្រកូលនៃដំរីឈ្មោះបណ្ឌរៈ ១ ត្រកូលនៃដំរីឈ្មោះតម្ពៈ ១ ត្រកូលនៃដំរីឈ្មោះបិង្គលៈ ១ ត្រកូលនៃដំរីឈ្មោះគន្ធៈ ១ ត្រកូលនៃដំរីឈ្មោះមង្គលៈ ១ ត្រកូលនៃដំរីឈ្មោះហេមៈ ១ ត្រកូលនៃដំរីឈ្មោះឧបោសថ ១ ត្រកូលនៃដំរីឈ្មោះ ឆទ្ទន្ត ១ ។ បណ្តាត្រកូលដំរីទាំងនោះ ត្រកូលដំរីឈ្មោះកាឡាវកៈ បណ្ឌិតគប្បីជ្រាប ថា ជាត្រកូលដំរីធម្មតា ។ កម្លាំងបុរស ១០ នាក់ ស្មើនឹងកម្លាំងដំរីកាឡាវកៈ ១ កម្លាំងដំរី កាឡាវកៈ ១០ ស្មើនឹងកម្លាំងដំរីគង្គេយ្យៈ ១ កម្លាំងដំរីគង្គេយ្យៈ ១០ ស្មើនឹង កម្លាំងដំរីបណ្ឌរៈ ១ កម្លាំងដំរីបណ្ឌរៈ ១០ ស្មើនឹងកម្លាំងដំរីតម្ពៈ ១ កម្លាំង ដំរីតម្ពៈ ១០ ស្មើនឹងកម្លាំងដំរីបិង្គលៈ ១ កម្លាំងដំរីបិង្គលៈ ១០ ស្មើនឹង កម្លាំងដំរីគន្ធៈ ១ កម្លាំងដំរីគន្ធៈ ១០ ស្មើនឹងកម្លាំងដំរីមង្គលៈ ១ កម្លាំង ដំរីមង្គលៈ ១០ ស្មើនឹងកម្លាំងដំរីហេមៈ ១ កម្លាំងដំរីហេមៈ ១០ ស្មើនឹង កម្លាំងដំរីឧបោសថ ១ កម្លាំងដំរីឧបោសថ ១០ ស្មើនឹងកម្លាំងដំរីឆទ្ទន្ត ១ កម្លាំងដំរីឆទ្ទន្ត ១០ ស្មើនឹងកម្លាំងព្រះតថាគតមួយអង្គ ។