អដ្ឋកថា ឯកកនិទ្ទេស
[ ៣៥-៣៦ ] ឥឡូវនេះ ជាការសម្តែងការបដិសេធសាធារណហេតុ ក្នុងបទថា ន ហេតុមេវ ក្នុងនិទ្ទេសវារដែលព្រះមានព្រះភាគទ្រង់ផ្តើម ដោយន័យជាដើមថា បញ្ចវិញ្ញាណា ន ហេតុមេវ នៃមាតិកាតាមដែល ទ្រង់តាំងទុក ។ ក្នុងបទទាំងនោះ បទណាដែលគប្បីពោលដោយន័យជាដើម ថា ហេតុមាន ៤ យ៉ាង គឺហេតុហេតុ ១ បច្ចយហេតុ ១ ឧត្តមហេតុ ១ សាធារណហេតុ ១ ។ ពាក្យទាំងអស់ ខ្ញុំបានពោលហើយ ក្នុងការអធិប្បាយអត្ថនៃបទទាំងឡាយ ក្នុងរូបកណ្ឌ ( ធម្មសង្គណី ) ថា សព្វំ រូបំ ន ហេតុមេវ ជាដើម នោះឯង ។ ក្នុងបទថា អហេតុកមេវ ជាដើម បណ្ឌិតគប្បីជ្រាបថា លោកចុះ ម អក្ខរៈ ដោយអំណាចនៃព្យញ្ជនសន្ធិ គឺជា អហេតុកា ឯវ ។ ក្នុងបទដ៏ សេសក៏ន័យនេះឯង ។ ម្យ៉ាងទៀត ក្នុងពួកនៃធម៌ មានបទថា ហេតូ ធម្មា ន ហេតូ ធម្មា ពួកធម៌ជាហេតុ ពួកធម៌មិនមែនជាហេតុជាដើម វិញ្ញាណ ៥ រមែងមិនមានក្នុងបទថា ពួកធម៌ជាហេតុ ឬពួកធម៌ប្រកបដោយហេតុ ដូច្នេះ ។ បណ្ឌិតគប្បីជ្រាបអត្ថដោយចំណែកមួយក្នុងបទទាំងពួង ក្នុងទីនេះ ដោយន័យនេះថា វិញ្ញាណ ៥ ជានហេតុនោះឯង ជាអហេតុកៈនោះឯង ដូច្នេះ ។ បទថា អព្យាកតមេវ នេះ ព្រះមានព្រះភាគ ត្រាស់ដោយអំណាចនៃ វិបាកាព្យាកត ។ បទថា សារម្មណមេវ នេះ ត្រាស់ដោយអំណាច ឱលុព្ភារម្មណៈ ( អារម្មណ៍ជាគ្រឿងតោង ) ។ ពិតហើយ អារម្មណ៍មាន ២ យ៉ាង គឺបច្ចយារម្មណៈ ១ ឱលុព្ភារម្មណៈ ១ ។ តែក្នុងទីនេះ ជាកិច្ច នៃឱលុព្ភារម្មណៈនោះឯង ។ សូម្បីបច្ចយារម្មណៈ ក៏រមែងបានដូចគ្នា ។ បទថា អចេតសិកមេវ ព្រះមានព្រះភាគត្រាស់សំដៅយកចិត្តប៉ុណ្ណោះ ក្នុងអចេតសិកធម៌ ៣ យ៉ាង គឺចិត្ត រូប និងនិព្វាន ។ បទថា នោ អបរិយាបន្នមេវ បានដល់ ធម៌ដែលទាក់ទងហើយដោយភាពជាធម៌ ដែល ទាក់ទងក្នុងគតិ ចុតិ និងភ