អដ្ឋកថា ចតុក្កនិទ្ទេស

ក្បាលទី 69 · ទំព័រ 170

[ ៥៦-៦៦ ] ក្នុងនិទ្ទេសនៃញាណវត្ថុពួក ៤ ក្នុងបទថា អត្ថិ ទិន្នំ ជាដើម បណ្ឌិតគប្បីជ្រាបអត្ថដោយឧបាយនេះថា ផលមាន ព្រោះទានដែល ខ្លួនឲ្យហើយជាបច្ច័យ ដូច្នេះ ។ បទថា ឥទំ វុច្ចតិ អធិប្បាយថា ញាណណារមែងដឹងថា កម្មនេះជា របស់ខ្លួន កម្មនេះមិនមែនជារបស់ខ្លួន ញាណនេះ ទើបព្រះមានព្រះភាគ ត្រាស់ ហៅថា កម្មស្សកតាញាណ ។ បណ្តាកម្មទាំង ២ ( របស់ខ្លួន និងរបស់អ្នកដទៃ ) កម្ម គឺកាយទុច្ចរិត ៣ វចីទុច្ចរិត ៤ មនោទុច្ចរិត ៣ នេះ មិនឈ្មោះថា ជាកម្មនៃខ្លួនទេ ។ សុចរិតកម្មទាំង ១០ ក្នុងទ្វារទាំង ៣ ឈ្មោះថា ជាកម្មរបស់ខ្លួន ។ អកុសលទាំងអស់ ទោះជារបស់ខ្លួន ឬរបស់អ្នកដទៃក៏ដោយ មិនឈ្មោះ ថា ជាកម្មរបស់ខ្លួនឡើយ ។ សួរថា ព្រោះហេតុអ្វី ឆ្លើយថា ព្រោះទម្លាយ នូវប្រយោជន៍ និងព្រោះធ្វើវត្ថុដែលមិនជាប្រយោជន៍ឲ្យកើត ។ កុសលទាំងអស់ ជារបស់ខ្លួនក្តី របស់អ្នកដទៃក្តី ឈ្មោះថា ជាកម្មរបស់ខ្លួន សួរថា ព្រោះ ហេតុអ្វី ឆ្លើយថា ព្រោះការទម្លាយវត្ថុដែលមិនមែនជាប្រយោជន៍ និងព្រោះ ធ្វើប្រយោជន៍ឲ្យកើត ។ ការរាប់ចំនួនបុគ្គល ដែលតាំងនៅក្នុងកម្មស្សកតញ្ញាណនេះ ដែលអាចដឹងយ៉ាងនេះ ហើយឲ្យទានច្រើន បំពេញសីលឲ្យ បរិបូណ៌ សមាទានឧបោសថ ហើយសោយសេចក្តីសុខដោយសេចក្តីសុខ សោយសម្បត្តិដោយសម្បត្តិ ហើយសម្រេចព្រះនិព្វាន កំណត់មិនបាន ។ ដូចបុរសមានទ្រព្យ ឲ្យជញ្ជូនសប្បិ ទឹកឃ្មុំ ស្ករអំពៅជាដើម មួយ អន្លើដោយអំបិល ល្ង អង្ករជាដើម ដាក់រទេះ ៥០០ ធ្វើដំណើរឆ្លងផ្លូវកន្តារ កាលសេចក្តីត្រូវការដោយកិច្ចណាមួយកើតឡើង បុរសនោះមិនគិត មិនតក់ស្លុត ព្រោះគ្រឿងឧបភោគបរិភោគទាំងពួង ជារបស់ដែលបុរសនោះគ្រប់គ្រង ហើយ រមែងដល់គោលដៅដ៏ក្សេមបានដោយងាយនោះឯ