អដ្ឋកថា បញ្ចកនិទ្ទេស

ក្បាលទី 69 · ទំព័រ 183

[ ៦៧-៦៨ ] គប្បីជ្រាបវិគ្គហៈក្នុងនិទ្ទេសនៃញាណវត្ថុពួក ៥ ដូចតទៅ បណ្តាបទទាំងឡាយ មានបទថា បីតិផរណតា ជាដើម បញ្ញាក្នុង ឈានទាំង ២ ឈ្មោះថា បីតិផរណតា ព្រោះអត្ថថា ផ្សាយបីតិទៅ កើតឡើង ។ បញ្ញាក្នុងឈាន ៣ ឈ្មោះថា សុខផរណតា ព្រោះអត្ថថា ផ្សាយ សេចក្តីសុខទៅ កើតឡើង ។ បញ្ញាកំណត់ចិត្តបុគ្គលដទៃនោះ ឈ្មោះថា ចេតោផរណតា ព្រោះអត្ថថា ផ្សាយទៅកាន់បុគ្គលដទៃកើតឡើង ។ បញ្ញាដែលជាទិព្វចក្ខុ ឈ្មោះថា អាលោកផរណតា ព្រោះអត្ថថា ផ្សាយ ពន្លឺ កើតឡើង ។ បច្ចវេក្ខណញ្ញាណ ឈ្មោះថា បច្ចវេក្ខណនិមិត្ត ដោយ ហេតុនោះឯង ទើបព្រះមានព្រះភាគត្រាស់ថា ទ្វីសុ ឈានេសុ បញ្ញា បីតិផរណតា ជាដើម ។ ក្នុងបទទាំងនោះ ការផ្សាយបីតិទៅ ការផ្សាយសុខ ទៅ ដូចជាជើងទាំង ២ ការផ្សាយចិត្តទៅ ការផ្សាយអាលោកទៅ ដូចដៃ ទាំង ២ ឈានដែលជាបាទនៃអភិញ្ញាជាកាយចំណែកកណ្តាល បច្ចវេក្ខណ- និមិត្ត ដូចជាក្បាល ហេតុនោះ ទើបព្រះមានព្រះភាគ សម្តែងសម្មាសមាធិ មានអង្គ ៥ ឲ្យដូចជាបុរសដែលដល់ព្រមហើយដោយចំណែកប្រកបនៃរាងកាយ ។ បទថា អយំ បញ្ចង្គិកោ សម្មាសមាធិ បានដល់ ព្រះមាន ព្រះភាគ ត្រាស់ឈានសមាធិដែលជាបាទថា សមាធិនេះដែលប្រកបហើយ ដោយអង្គ ៥ ដូចគ្នានឹងដៃ ជើង និងក្បាល ឈ្មោះថា សម្មាសមាធិ ដូច្នេះ ។ សមាធិក្នុងអរហត្តផល ព្រះមានព្រះភាគទ្រង់បំណងយកក្នុងបទថា អយំ សមាធិ បច្ចុប្បន្នសុខោ ចេវ ជាដើម សមាធិនោះ ឈ្មោះថា មានសុខ ក្នុងបច្ចុប្បន្ន ព្រោះជាសុខ ក្នុងខណៈនៃសមាធិនោះពិតៗ ។ សមាធិដែល កើតមុនៗ ឈ្មោះថា មានសេចក្តីសុខជាវិបាកក្នុងខាងមុខ ព្រោះជាបច្ច័យ ដល់សមាធិសុខដែលកើតក្រោយៗ ។