អដ្ឋកថា នវកនិទ្ទេស

ក្បាលទី 69 · ទំព័រ 197

និទ្ទេសនៃញាណវត្ថុពួក ៩ បទថា អនុបុព្វវិហារ សមាបត្តិសុ បានដល់ ក្នុងសមាបត្តិទាំងឡាយ ពោល គឺធម៌ជាគ្រឿងនៅដោយលំដាប់ ។ គប្បីជ្រាបថា ភាពដែលមានសមាបត្តិទាំងនោះ ជាអនុបុព្វវិហារ ព្រោះអត្ថថា ដែលព្រះយោគាវចរគប្បីចូលដោយលំដាប់ គឺតាមលំដាប់ និងគប្បី ជ្រាបភាពដែលមានសមាបត្តិទាំងនោះ ជាសមាបត្តិ ព្រោះអត្ថថា ជាធម៌ ដែលព្រះយោគាវចរគប្បីចូល ។ ក្នុងបញ្ញាទាំងនោះ គប្បីជ្រាបសម្បយុត្តប្បញ្ញា ៨ យ៉ាង មានពាក្យថា បឋមជ្ឈានសមាបត្តិយា បញ្ញា ជាដើម ។ បញ្ញាក្នុងបច្ចវេក្ខណៈ ជា បញ្ញាប្រការទី ៩ ។ ពិតហើយ បញ្ញាក្នុងបច្ចវេក្ខណៈនោះ រមែងប្រព្រឹត្ត ទៅដល់ព្រះយោគាវចរ ដែលពិចារណានិរោធសមាបត្តិ ដោយភាពជាធម៌ ល្អិត ប្រណីត ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា បច្ចវេក្ខណញ្ញាណរបស់បុគ្គល ដែលចេញចាកសញ្ញាវេទយិតនិរោធសមាបត្តិ ដូច្នេះ ។