អដ្ឋកថា ទសកនិទ្ទេស អធិប្បាយកម្លាំង ១០
អធិប្បាយ កម្លាំងទី ១ ក្នុងនិទ្ទេសនៃញាណវត្ថុទាំង ១០ បទថា អដ្ឋានំ ជាការ បដិសេធហេតុ ។ បទថា អនវកាសោ បានដល់ ជាការបដិសេធបច្ច័យ ។ ដោយពាក្យទាំង ២ ព្រះមានព្រះភាគ ទ្រង់បដិសេធហេតុនោះឯង ។ ពិត ហើយ ព្រះមានព្រះភាគត្រាស់ហៅហេតុថា ឋាន និង អវកាស គឺឱកាស នៃផលរបស់ខ្លួន ព្រោះផលប្រព្រឹត្តទៅទាក់ទងដោយហេតុនោះ ។ បទថា យំ បានដល់ ដោយហេតុណា ។ បទថា ទិដ្ឋិសម្បន្នោ បានដល់ ព្រះអរិយ សាវ័កដែលជាព្រះសោតាបន្ន ដល់ព្រមហើយដោយមគ្គទិដ្ឋិ ។ បទថា កញ្ចិ សង្ខារំ បានដល់ សូម្បីសង្ខារណាមួយ ក្នុងសង្ខារដែលបច្ច័យតាក់តែង ដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ។ បទថា និច្ចតោ ឧបគច្ឆេយ្យ បានដល់ គប្បីកាន់យកថាជារបស់ទៀង ។ បទថា នេតំ ឋានំ វិជ្ជតិ បានដល់ ហេតុ នោះមិនមាន គឺរកមិនបាន ។ បទថា យំ បុថុជ្ជនោ បានដល់ បុថុជ្ជន … គប្បីកាន់យកដោយហេតុណា ។ បទថា ឋានមេតំ វិជ្ជតិ បានដល់ ហេតុ នេះមាន អធិប្បាយថា បុថុជ្ជននោះ គប្បីកាន់យកនូវវត្ថុសង្ខារណាមួយ ក្នុង សង្ខារទាំងឡាយដែលប្រព្រឹត្តទៅក្នុងភូមិ ៣ ដោយភាពជារបស់ទៀងដោយ សស្សតទិដ្ឋិ ។ សង្ខារដែលប្រព្រឹត្តទៅក្នុងភូមិ ៤ រមែងមិនជាអារម្មណ៍ របស់ទិដ្ឋិ ឬរបស់អកុសលទាំងឡាយដទៃ ដូចដុំដែកក្រហម ដែលក្តៅអស់ មួយថ្ងៃ រមែងមិនជាអារម្មណ៍របស់រុយទាំងឡាយ ព្រោះជារបស់ក្តៅខ្លាំង គប្បីជ្រាបអធិប្បាយក្នុងបទថា កិញ្ចិ សង្ខារំ សុខតោ ដោយន័យនេះ ។ បទថា សុខតោ ឧបគច្ឆេយ្យ នេះ ព្រះមានព្រះភាគត្រាស់សំដៅយកការ ប្រកាន់ដោយភាពជាសុខ ដោយអំណាចនៃអត្តទិដ្ឋិយ៉ាងនេះថា ខាងមុខអំពី កាយបែកធ្លាយ ខ្លួនមានសេចក្តីសុខដោយចំណែកមួយ មិនមានរោគ ដូច្នេះ ជាដើម ។