រឿងព្រះបាទកូដកណ្ណរាជ

ក្បាលទី 69 · ទំព័រ 275

ឲ្យផលដល់បុគ្គល ដែលតាំងនៅក្នុងបយោគវិបត្តិ តែបុគ្គលនោះ តាំងនៅ ចំពោះក្នុងសមាបយោគដោយកុសលកម្មណាមួយ គឺរមែងបំពេញសុចរិត ៣ រមែងរក្សាសីល ៥ សីល ១០ កាលបុគ្គលនោះកើតក្នុងកាលសម្បត្តិ ព្រះរាជា ទាំងឡាយ រមែងបញ្ជូនរាជកញ្ញាទាំងឡាយ ដែលប្រកបដោយគ្រឿង អលង្ការទាំងពួង ដោយព្រះតម្រិះថា រាជកញ្ញាទាំងនោះ សមគួរដល់បុគ្គល នោះ រមែងបញ្ជូនបណ្ណាការនោះៗ មានរបស់ដែលមានតម្លៃ យាន ពាហនៈ កែវមណី មាស និងប្រាក់ជាដើម ឲ្យដល់បុគ្គលនោះ ដោយព្រះតម្រិះថា បណ្ណាការនេះ សមគួរដល់បុគ្គលនោះ ។ ទោះបីបុគ្គលនោះចូលដល់បព្វជ្ជា រមែងមានយសធំ មានអានុភាពធំ ។ ក្នុងសេចក្តីនោះ មានរឿងនេះជា ឧទាហរណ៍ដូចតទៅ រឿងព្រះបទកូដកណ្ណរាជ បានឮថា ព្រះបាទកូដកណ្ណរាជ ទ្រង់រាប់អានព្រះចូឡសុធម្មត្ថេរ ដែល អាស្រ័យនៅក្នុងកណ្ណគាមក្បែរភ្នំ ។ ព្រះរាជានោះ កាលប្រថាប់នៅក្បែរអូរ ដែលមានផ្កាឧប្បល ត្រាស់ឲ្យនិមន្តព្រះថេរៈមក ព្រះថេរៈមកហើយ អាស្រ័យនៅក្នុងវិហារ ឈ្មោះមាលារាម ។ ព្រះរាជាត្រាស់សួរមាតារបស់ ព្រះថេរៈថា ព្រះថេរៈរមែងពេញចិត្តក្នុងអាហារប្រភេទណា ។ មាតារបស់ ព្រះថេរៈក្រាបទូលថា បពិត្រមហារាជ ព្រះថេរៈចូលចិត្តមើមត្រាវ ។ ព្រះរាជា ត្រាស់ឲ្យរាជបុរស កាន់យកមើមត្រាវទៅកាន់វិហារ កាលប្រគេនដល់ ព្រះថេរៈ មិនអាចងើបមុខឡើង ។ ព្រះរាជា កាលយាងចេញទៅហើយ ត្រាស់សួរព្រះទេវី ខាងក្រៅបរិវេណវិហារថា ព្រះថេរៈមានរូបរាងដូចម្តេច ព្រះទេវីក្រាបទូលថា ព្រះអង្គជាប្រុស មិនអាចងើបមុខ តើខ្ញុំម្ចាស់នឹងអាច ដូចម្តេច ខ្ញុំម្ចាស់ក៏មិនដឹងថា លោកដូចម្តេចដែរ ព្រះរាជាទ្រង់ទះព្រះហស្ថ ត្រាស់ថា យើងមិនហានងើបមុខសម្លឹងមើលគហបតីបុត្ត ដែលរួចផុតពលី ( អ្នកប