អដ្ឋកថា ឯកកនិទ្ទេសជាដើម
ក្នុងបទថា គោត្តំ បដិសច្ច ជាដើមក៏ន័យនេះឯង ។ ឈ្មោះថា មទោ ដោយអំណាចនៃសេចក្តីស្រវឹង ។ អាការនៃសេចក្តីស្រវឹង ឈ្មោះថា មជ្ជនា ។ សភាពដែលស្រវឹង ឈ្មោះថា មជ្ជិតត្តំ ។ បទថា មានោ មញ្ញនា ជាដើម មានអត្ថដូចពោលហើយ ក្នុងអដ្ឋកថានៃធម្មសង្គហៈនោះឯង ។ បទថា អយំ វុច្ចតិ បានដល់ កាល ជាតិមាន ការប្រកាន់ខ្លួនដែលដល់អាការនៃកិរិយាស្រវឹង ដែលកើតឡើង ព្រោះអាស្រ័យជាតិនោះឯង ហៅថា ជាតិមទោ ។ ការប្រកាន់ខ្លួន នេះ រមែងកើតឡើងដល់វណ្ណៈទាំង ៤ មានក្សត្រជាដើម ។ ពិតហើយ ក្សត្រជា អ្នកសម្បូរដោយជាតិ រមែងប្រកាន់ខ្លួនថា បុគ្គលដទៃដូចអញ រមែងមិនមាន ក្សត្រដ៏សេស វៀរអាត្មាអញ កើតឡើងឯក្រោយ ឯអាត្មាអញជាក្សត្របន្ត សន្តតិវង្ស ដូច្នេះ ។ ព្រាហ្មណ៍ជាដើមក៏ន័យនេះឯង ។ ក្នុងនិទ្ទេសនៃការស្រវឹងក្នុងគោត្តជាដើម ក៏គប្បីជ្រាបអត្ថដោយន័យនេះ ដូចគ្នា ព្រោះថា សូម្បីក្សត្រ ក៏ប្រកាន់ខ្លួនថា អញជាក្សត្រកោណ្ឌញ្ញគោត្ត អញជាក្សត្រអទិច្ចគោត្ត ដូច្នេះ ។ សូម្បីព្រាហ្មណ៍ក៏ប្រកាន់ខ្លួនថា អញជា ព្រាហ្មណ៍កស្សបគោត្ត អញជាព្រាហ្មណ៍ភារទ្វាជគោត្ត ដូច្នេះ ។ សូម្បី វេស្សៈ សូម្បីសូទ្រៈ ក៏អាស្រ័យត្រកូល និងគោត្តរបស់ខ្លួន ហើយធ្វើនូវការ ប្រកាន់ខ្លួន ។ ប្រជុំជន ( ជនដែលមានសិប្បៈ ឬចំណេះដឹងដូចគ្នា ) ១៨ ពួក ក៏ធ្វើនូវការប្រកាន់ខ្លួនថា អញកើតក្នុងប្រជុំជនមួយដែលមិនលាយឡំ ។ បណ្តាការស្រវឹងក្នុងការមិនមានរោគជាដើម ការប្រកាន់ខ្លួន ដែលកើតឡើង ដោយអំណាចនៃការស្រវឹងថា អញមិនមានរោគ ជនទាំងឡាយដ៏សេស វៀរអាត្មាអញហើយ មានរោគច្រើន ជំងឺតម្កាត់របស់អញត្រឹមតែរយៈពេល ខ្លីក៏មិនមាន ឈ្មោះថា អារោគ្យមទោ ។