អដ្ឋកថា ទិដ្ឋិគតនិទ្ទេស
ក្បាលទី 69 · ទំព័រ 536
ក្នុងនិទ្ទេសនៃទិដ្ឋិគតៈ បទថា ព្រហ្មជាលេ វេយ្យាករណេ បានដល់ វេយ្យាករណៈ ឈ្មោះថា ព្រហ្មជាលៈ ដែលជាសូត្រទី ១ នៃ គម្ពីរទីឃនិកាយ ។ បទថា វុត្តានិ ភគវតា បានដល់ ដែលព្រះសាស្តា ត្រាស់ដោយព្រះអង្គឯង ។ ក្នុងបទថា ចត្តារោ សស្សតវាទា ជាដើម បណ្ឌិតគប្បីជ្រាបប្រភេទ និងអត្ថនៃទិដ្ឋិដោយន័យដែលពោលហើយក្នុងព្រហ្មជាលសូត្រ មានពាក្យថា ចុះពួកសមណព្រាហ្មណ៍ដ៏ចម្រើននោះ ជាសស្សតវាទ បញ្ញត្តនូវខ្លួន និងលោក ថាទៀង ដោយហេតុ ៤ យ៉ាង តើព្រោះ អាស្រ័យអ្វី ព្រោះប្រារព្ធអ្វី ដូច្នេះជាដើម ។ អដ្ឋកថាខុទ្ទកវិភង្គ ចប់