អដ្ឋកថា ធម្មហទយវិភង្គ

ក្បាលទី 69 · ទំព័រ 592

ធម្មហទយវិភង្គ ឥឡូវនេះ បណ្ឌិតគប្បីជ្រាបការកំណត់ព្រះបាលី ក្នុងធម្មហទយវិភង្គជាលំដាប់ បន្តអំពីខុទ្ទកវិភង្គដូចតទៅក្នុង ធម្មហទយវិភង្គនេះ ព្រះមានព្រះភាគត្រាស់ សព្វសង្គាហិកវារ គឺ វារៈពោលដោយការរួបរួមធម៌ទាំងពួង ដោយអំណាចនៃពួកធម៌ទាំងឡាយ ១២ ពួក មានផ្តើមដោយពួកខន្ធជាដើម ។ វារៈទី ២ ទ្រង់ត្រាស់ ឧប្បត្តានុប្បត្តិទស្សនវារ គឺវារៈពោលដោយ ការសម្តែងការកើតឡើង និងការមិនកើតឡើង ក្នុងកាមធាតុជាដើមនៃធម៌ ទាំងឡាយនោះៗឯង ។ វារៈទី ៣ ទ្រង់ត្រាស់ បរិយាបន្នាបរិយាបន្នទស្សនវារ គឺវារៈពោល ដោយការសម្តែងធម៌ដែលទាក់ទងគ្នា និងមិនទាក់ទងគ្នា ក្នុងកាមធាតុទាំងនោះ ឯង ។ វារៈទី ៤ ទ្រង់ត្រាស់ វិជ្ជមានាវិជ្ជមានធម្មទស្សនវារ គឺវារៈពោល ដោយការសម្តែងធម៌ដែលមាន និងមិនមាន ក្នុងខណៈនៃការកើតឡើង ក្នុង ភូមិ ៣ ។ វារៈទី ៥ ទ្រង់ត្រាស់ ទស្សនវារ គឺវារៈពោលអំពីការសម្តែងធម៌ទាំងនោះ ដោយអំណាចនៃការប្រព្រឹត្តទៅក្នុងរវាងភូមិនៃធម៌ទាំងនោះ ។ វារៈទី ៦ ទ្រង់ត្រាស់ ឧប្បាទកកម្មអាយុប្បមាណទស្សនវារ គឺ