អធិប្បាយ ប្រមាណនៃអាយុ
ជាយាមាជាដើមក៏ដូចគ្នា ។ ពិតហើយ ក្នុងទេវលោកមួយ លំដាប់ ( មួយ ជាន់ ) របស់ទេវតាទាំងឡាយដែលមិនដល់ភ្នំកណ្តាប់ចក្កវាឡមិនមាន ។ ក្នុងទេវតាទាំងនោះ ទេវតាពួកណាមានដំណើរទៅ ប្រពឹត្តទៅដល់ព្រម នូវសេចក្តីសុខដែលជាទិព្វ ព្រោះហេតុនោះ ទើបទេវតាទាំងនោះ ឈ្មោះថា យាមា ។ ទេវតាពួកណា ជាអ្នកត្រេកអរហើយ រីករាយហើយ ព្រោះហេតុនោះ ទើបទេវតាទាំងនោះ ឈ្មោះថា តុសិត ។ ទេវតាទាំងឡាយណានិម្មិតហើយនូវភោគៈ គឺកាមដែលខ្លួនគាប់ចិត្ត ក្នុង វេលាដែលប្រាថ្នា ដើម្បីត្រេកអរក្រៃលែងជាងអារម្មណ៍ ដែលតាក់តែង តាមប្រក្រតី ព្រោះហេតុនោះ ទើបទេវតាទាំងនោះ ឈ្មោះថា និម្មានរតី ។ ទេវតាពួកណា ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅក្នុងភោគៈទាំងឡាយ ដែល អ្នកដទៃដឹងវារៈនៃចិត្តហើយនិម្មិតឲ្យ ព្រោះហេតុនោះ ទើបទេវតាទាំងនោះ ឈ្មោះថា បរនិម្មិតវសវត្តី ។ អធិប្បាយ ប្រមាណនៃអាយុ បទថា អប្បំ វា ភិយ្យោ អធិប្បាយថា មានប្រមាណ ១០០ ឆ្នាំ លើស ២០ ឆ្នាំខ្លះ ៣០ ឆ្នាំខ្លះ ៤០ ឆ្នាំខ្លះ ៥០ ឆ្នាំខ្លះ ៦០ ឆ្នាំ ខ្លះ តែមិនដល់ ២០០ ឆ្នាំ ។ ពិតហើយ ពាក្យទាំងអស់នេះ ព្រះមានព្រះភាគ ត្រាស់ថា អប្បំ ដូច្នេះ ព្រោះមិនដល់ ២០០ ឆ្នាំ ។ គប្បីជ្រាបវិគ្គហៈ ក្នុងព្រហ្មបារិសជ្ជាជាដើមដូចតទៅនេះ ឈ្មោះថា ព្រហ្មបារិសជ្ជា ព្រោះជាអ្នកចោមរោម គឺជាបរិវារបម្រើមហាព្រហ្ម ។ ឈ្មោះថា ព្រហ្មបុរោហិតា ព្រោះតាំងនៅក្នុងភាពជាបុរោហិត របស់ព្រហ្មទាំងនោះ ។ ឈ្មោះថា មហាព្រហ្ម ព្រោះជាព្រហ្មធំ ដោយ ភាពជាអ្នកមានពណ៌សម្បុរល្អ និងភាពជាអ្នកមានអាយុវែង ។