ចុល្លវគ្គ

ក្បាលទី 7 · ទំព័រ 1

បាលីប្រែ ១០-១១ បោះពុម្ពលើកទី ១ ពុទ្ធសករាជ ២៥៥៣ ទុតិយភាគ ខុទ្ទកវត្ថុក្ខន្ធកៈ សម័យនោះ ព្រះពុទ្ធមានព្រះភាគទ្រង់គង់នៅវត្តវេឡុវ័ន ជា កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នា ងូតទឹក ហើយត្រដុសកាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះ នឹង ដើមឈើ ។ មនុស្សទាំងឡាយបានឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈជាសក្យបុត្តិយ៍មិនសមបើនឹងមកងូតទឹកត្រដុស កាយ ត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះនឹងដើមឈើ ដូចអ្នកប្រដាល់ ឬដូចពួកមនុស្សអ្នកនៅក្នុងក្រុង ដែលជាអ្នកខ្វល់ខ្វាយនឹងការប្រដាប់កាយ ដូច្នេះសោះ ។ ពួកភិក្ខុបានឮមនុស្សទាំងនោះកំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ។ បេ ។ គ្រានោះ ភិក្ខុទាំងនោះ ក៏ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះ ព្រះមានព្រះភាគ ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះមានព្រះភាគទ្រង់ឲ្យ ប្រជុំភិក្ខុសង្ឃហើយ ទ្រង់សួរបញ្ជាក់ពួកភិក្ខុ ក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុនាំគ្នាងូតទឹកត្រដុសកាយត្រង់ភ្លៅខ្លះ ដើមដៃខ្លះ ទ្រូងខ្លះ ខ្នងខ្លះនឹងដើមឈើ ពិតមែនឬ ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន ។ ព្រះពុទ្ធមានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងនោះជាអំពើមិនសមគួរ មិន ត្រូវទំនង មិនត្រូវបែប មិនមែនជារបស់សមណៈ មិនគប្បី មិនគួរធ្វើឡើយ នែភិក្ខុទាំងឡាយ មោឃបុរសទាំងនោះមិនសមបើនឹងមកនាំគ្នាងូតទឹកត្រដុស