មិនទ្រទ្រង់ព្រះសូត្រ
សោះទេ បើធម៌ទាំងឡាយណា មានលម្អបទដើម លំអបទកណ្តាល លម្អ បទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយមានសភាពដូច្នោះ គឺភិក្ខុនោះមិនបានចេះដឹង ច្រើន មិនបានទ្រទ្រង់ មិនបានសន្សំដោយពាក្យ មិនបានពិចារណា ( មុត មាំ ) ក្នុងចិត្ត មិនបានយល់ត្រឹមត្រូវដោយទិដ្ឋិទេ ភិក្ខុនោះឯង គង់មានអ្នកផង ស្តីដាស់តឿនថា ម្នាលលោកដ៏មានអាយុ សូមនិមន្តលោករៀនព្រះបរិយត្តិធម៌សិនទៅ ភិក្ខុនោះគង់មានអ្នកផងស្តីដាស់តឿន ដូចសម្តែងមកនេះឯង ។ ម្នាលឧបាលិ ពាក្យខាងមុខនៅមានទៀត ភិក្ខុអ្នកចោទ មានបំណងនឹងចោទភិក្ខុដទៃត្រូវពិចារណាយ៉ាងនេះថា បាតិមោក្ខទាំងពីរ អញ ក៏ចេះចាំដោយសេចក្តីពិស្តារ ចែកចេញបានដោយប្រពៃ ចាំស្ទាត់រត់មាត់ កាត់ សេចក្តីបានដោយល្អ តាមសូត្រ គឺខន្ធកៈ និងបរិវារៈ តាមអនុព្យញ្ជនៈដែរឬ ធម៌នុ៎ះមានគ្រប់គ្រាន់ដល់អាត្មាអញ ឬមិនមានទេ ។ ម្នាលឧបាលិ ប្រសិនបើ បាតិមោក្ខទាំងពីរ ភិក្ខុមិនបានចេះចាំដោយសេចក្តីពិស្តារ មិនបានចែកដោយ ប្រពៃ មិនបានចាំស្ទាត់រត់មាត់ មិនបានកាត់ សេចក្តីដោយល្អ តាមសូត្រ តាមអនុព្យញ្ជនៈទេ ភិក្ខុនោះឯងបើមានគេសួរថា ម្នាលលោកដ៏មានអាយុ ចុះសិក្ខាបទនេះ ព្រះមានព្រះភាគទ្រង់ត្រាស់សម្តែងក្នុងនគរណា ភិក្ខុនោះមុខ ជាឆ្លើយប្រាប់ទៅវិញមិនរួច ភិក្ខុនោះឯង គង់មានអ្នកផងស្តីដាស់តឿនថា ម្នាលលោកដ៏មានអាយុ សូមនិមន្តលោករៀនវិន័យសិនទៅ ភិក្ខុនោះឯង គង់ មានអ្នកផងស្តីដាស់តឿន ដូចសម្តែងមកនេះឯង ម្នាលឧបាលិ ភិក្ខុអ្នកចោទ មានប្រាថ្នានឹងចោទភិក្ខុដទៃ ត្រូវពិចារណាធម៌ ៥ ប្រការនេះ ក្នុងខ្លួនឯង សិនហើយ សឹមចោទភិក្ខុដទៃ ។