ព្រះភាគធ្វើធម្មីកថា

ក្បាលទី 7 · ទំព័រ 645

ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យឲ្យឧបសម្បទាសូម្បីដោយទូតក៏បាន ។ ភិក្ខុទាំងឡាយក៏ ឲ្យឧបសម្បទា ( ដល់ភិក្ខុនី ) ដោយភិក្ខុទូត ។ ភិក្ខុទាំងឡាយក្រាបបង្គំ ទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ ទាំងឡាយ ភិក្ខុមិនត្រូវឲ្យឧបសម្បទា ( ដល់ភិក្ខុនី ) ដោយភិក្ខុទូតទេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ។ ភិក្ខុទាំងឡាយ ក៏ឲ្យឧបសម្បទា ( ដល់ភិក្ខុនី ) ដោយសិក្ខមានាទូត ។ បេ ។ ឲ្យឧបសម្បទាដោយសាមណេរ ទូត ។ បេ ។ ឲ្យឧបសម្បទាដោយសាមណេរីទូត ។ បេ ។ ឲ្យឧបសម្បទាដល់ ឧបសម្បទាបេក្ខាដែលល្ងង់មិនឆ្លាសដោយទូត ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាល ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខា ដែលល្ងង់ មិនឆ្លាសដោយទូតទេ ភិក្ខុណាឲ្យឧបសម្បទា ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុ ទាំងឡាយ តថាគតអនុញ្ញាតឲ្យឲ្យឧបសម្បទាដល់ភិក្ខុនីដែលឆ្លាសប្រតិពល ដោយទូតបាន ។ ភិក្ខុនីជាទូតនោះ គប្បីចូលទៅរកសង្ឃ ធ្វើចីវរឆៀងស្មា ម្ខាង ក្រាបថ្វាយបង្គំបាទានៃភិក្ខុទាំងឡាយ ហើយអង្គុយច្រហោងផ្គងអញ្ជលី ឡើង ពោលយាងនេះថា បពិត្រលោកម្ចាស់ទាំងឡាយ ឧបសម្បទាបេក្ខា ឈ្មោះនេះ របស់ភិក្ខុនីឈ្មោះនេះ បានឧបសម្បទាដោយចំណែកម្ខាង បរិសុទ្ធ ក្នុងភិក្ខុនីសង្ឃហើយ ឧបសម្បទាបេក្ខានោះមកពុំបាន ព្រោះមានអន្តរាយ ណាមួយ បពិត្រលោកម្ចាស់ទាំងឡាយ ឥឡូវឧបសម្បទាបេក្ខាឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ( ម្តងទៀត ) បពិត្រលោកម្ចាស់ទាំងឡាយ សូម ព្រះសង្ឃអាស្រ័យសេចក្តីអនុគ្រោះ ស្រោចស្រង់ឧបសម្បទាបេក្ខានោះ ។