ជាដើម
ព្រះធម្មសង្គាហកាចារ្យបានពោលថា បករណ៍នេះ ព្រះមាន ព្រះភាគ ទ្រង់ចែក ១៤ ន័យ ដោយអំណាចនៃបទថា សង្គហោ អសង្គហោ ជាដើម ពាក្យទាំងអស់លោកតាំង ២ យ៉ាង គឺដោយឧទ្ទេស និងនិទ្ទេស ។ ឧទ្ទេសនៃធម៌ មានខន្ធជាដើម ឈ្មោះថា មាតិកា ។ មាតិកានេះ ព្រះមាន ព្រះភាគទ្រង់តាំងជា ៥ យ៉ាង គឺនយមាតិកា ១ អព្ភន្តរមាតិកា ១ នយមុខមាតិកា ១ លក្ខណមាតិកា ១ ពាហិរមាតិកា ១ ។ បណ្តាមាតិកាទាំងនោះ មាតិកាដែលទ្រង់តាំង ១៤ បទ មានបទថា សង្គហោ អសង្គហោ ។ បេ ។ វិប្បយុត្តេន សង្គហិតំ អសង្គហិតំ នេះ ឈ្មោះថា នយមាតិកា ។ ពិតហើយ មាតិកានេះ ទ្រង់ត្រាស់ហៅថា នយមាតិកា ព្រោះភាពដែលមាតិកានេះ ទ្រង់តាំងទុកដើម្បីសម្តែងថា ធម៌ទាំងឡាយ ក្នុងធាតុកថាដែលទ្រង់ចែកហើយ ដោយន័យដែលសង្គ្រោះចូល គ្នាបានជាដើមនេះ ។ នយមាតិកានេះ ទោះបីហៅថា មូលមាតិកាក៏គួរ ព្រោះ ជាមូលនៃបទទាំងឡាយនោះ ។ មាតិកាដែលទ្រង់តាំងទុក ១២៥ បទថា បញ្ចក្ខន្ធា ។ បេ ។ មនសិការោ នេះ ឈ្មោះថា អព្ភន្តរមាតិកា ។ ពិតហើយ មាតិកានេះ លោកហៅថា អព្ភន្តរមាតិកា ព្រោះមាតិកានេះ ទ្រង់មិនត្រាស់យ៉ាងនេះថា ធម្មសង្គណី ទាំងអស់ជាមាតិកាក្នុងធាតុកថា ដូច្នេះ តែទ្រង់សម្តែងធម៌ មានខន្ធជាដើម ដែលគួរចែកដោយន័យមានការសង្គ្រោះចូលគ្នាបានជាដើម ដោយសង្ខេប ហើយតាំងទុកខាងក្នុងនៃធាតុកថានោះឯង ។ សេចក្តីនេះ ទោះបីពោលថា ជាបកិណ្ណកមាតិកាដូច្នេះក៏បាន ព្រោះពាក្យទាំងឡាយ មានខន្ធជាដើម មិន បានសង្គ្រោះទុកក្នុងធម្មសង្គណិមាតិកា ។