អដ្ឋកថាបដិច្ចសមុប្បាទជាដើម

ក្បាលទី 70 · ទំព័រ 35

បដិច្ចសមុប្បាទជាដើម ក្នុងបដិច្ចសមុប្បាទនិទ្ទេស ព្រះមានព្រះភាគ ទ្រង់មិនបានផ្តើម ពាក្យបុច្ឆាថា អវិជ្ជា កតីហិ ខន្ធេហិ អវិជ្ជាសង្គ្រោះដោយខន្ធប៉ុន្មាន តែ ទ្រង់សម្តែងពាក្យវិសជ្ជនាតែម្តង យ៉ាងនេះថា អវិជ្ជា ឯកេន ខន្ធេន អវិជ្ជា សង្គ្រោះដោយខន្ធ ១ ជាដើម ។ ក្នុងបទទាំងនោះ បទថា សង្ខារប្បច្ចយា វិញ្ញាណំ បានដល់ វិបាកវិញ្ញាណទាំងអស់ក្នុងបដិសន្ធិកាល និងក្នុងបវត្តិកាល ។ ដោយហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា សត្តហិ ធាតូហិ សង្គហិតំ សង្គ្រោះដោយធាតុ ៧ ដូច្នេះ ។ ក្នុងនាមរូបក៏គប្បីជ្រាបដោយ អំណាចបដិសន្ធិកាល និងបវត្តិកាលនោះឯង ដោយហេតុនោះ ទើបទ្រង់ សង្គ្រោះ សូម្បីសទ្ទាយតនៈ ហើយសម្តែងការសង្គ្រោះចូលគ្នាបានជាមួយ អាយតនៈ ១១ ក្នុងបដិច្ចសមុប្បាទនិទ្ទេសនេះ ។ គប្បីជ្រាបការចែកខន្ធក្នុងធម៌ទាំងឡាយ មានផស្សៈជាដើម ដូចតទៅ នេះថា ពិតហើយ ផស្សៈ សង្គ្រោះចូលគ្នាបានជាមួយខន្ធ ១ ដោយឡែក វេទនាខន្ធ ក៏សង្គ្រោះចូលគ្នាបានជាមួយខន្ធ ១ ដោយឡែក ។ ចំណែក តណ្ហា ឧបាទាន កម្មភព សង្គ្រោះចូលគ្នាបានចំពោះសង្ខារក្ខន្ធតែម្យ៉ាង ។ ម្យ៉ាងទៀត បទនៃភពទ្រង់ចែក ១១ យ៉ាង ដោយអំណាចនៃកម្មភពជាដើម ក្នុងនិទ្ទេសនេះ ។ បណ្តាភពទាំងនោះ កម្មភព ទ្រង់សម្តែងរួមជាមួយភព ទាំងនោះ ព្រោះជាពាក្យវិសជ្ជនា ដូចគ្នានឹងផស្សៈជាដើម ។ ឧបបត្តិភព កាមភព សញ្ញាភព បញ្ចវោការភពទាំងឡាយ ទ្រង់សម្តែងរួមគ្នា ព្រោះជា ពាក្យវិសជ្ជនាដូចគ្នានិងគ្នា តែព្រោះសភាវៈធម៌ទាំងនេះជាធម៌ដែលមានតណ្ហា ទិដ្ឋិ ចូលទៅប្រកាន់ ព្រោះហេតុនោះ ទើបព្រះមានព្រះភាគ ត្រាស់ថា ឯកាទសហាយតនេហិ សត្តរសហិ ធាតូហិ សង្គ្រោះដោយអាយតនៈ ១១ ធាតុ ១៧ ដូច្នេះ ។