អដ្ឋកថាតិកបទ
តិកបទ [ ៧៣-១៦៦ ] ព្រះមានព្រះភាគ កាលទ្រង់សម្តែងសង្គហាសង្គហបទ ក្នុងអព្ភន្តរមាតិកាយ៉ាងនេះហើយ ឥឡូវនេះ ដើម្បីសម្តែងធម៌ដែលសង្គ្រោះ ចូលគ្នាបានក្នុងពាហិរមាតិកា ទើបទ្រង់ផ្តើមបទថា កុសលា ធម្មា ជាដើម ។ បណ្តាមាតិកាទាំងនោះ ក្នុងវេទនាតិកៈ បទថា តីហិ ធាតូហិ បានដល់ ជាមួយកាយវិញ្ញាណធាតុ មនោវិញ្ញាណធាតុ និងធម្មធាតុ ។ បទថា សត្តហិ ធាតូហិ បានដល់ ចក្ខុវិញ្ញាណធាតុ សោតវិញ្ញាណធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ និងមនោវិញ្ញាណធាតុ ។ ក្នុងវិបាកត្តិកៈ បទថា អដ្ឋហិ ធាតូហិ បានដល់ ធាតុទាំង ៧ នោះឯង មួយអន្លើដោយ កាយវិញ្ញាណធាតុ ១ តែវិបាកធម្មធម្មាកាន់យករួមគ្នា ព្រោះពាក្យវិសជ្ជនា ដូចគ្នានឹងសង្កិលិដ្ឋសង្កិលេសិកទាំងឡាយ ។ ឯនិទ្ទេសទាំងនោះ សម្តែងទុក យ៉ាងណា ក្នុងបទតិកៈ និងទុកៈទាំងពួងក៏យ៉ាងនោះ គឺបទណាមួយជាពាក្យ វិសជ្ជនារួមជាមួយបទណាមួយ បទនោះៗ សូម្បីមិនប្រព្រឹត្តទៅតាមលំដាប់ លោកក៏វិសជ្ជនា ដោយកាន់យករួមជាមួយបទនោះៗ ។ សង្គហាសង្គហន័យ ក្នុងទីនេះ គប្បីជ្រាបដោយទំនងដែលខ្ញុំពោលហើយនោះឯង ។ អដ្ឋកថាសង្គហាសង្គហបទ ចប់