អដ្ឋកថាវិប្បយុត្តេនសម្បយុត្តបទ
ក្បាលទី 70 · ទំព័រ 135
វិប្បយុត្តេនសម្បយុត្តបទ [ ៣១៣-៣១៤ ] ឥឡូវនេះ ដើម្បីចែកធម៌ដែលប្រកបចូលគ្នាបានជាមួយធម៌ដែលប្រកបចូលគ្នាមិនបាន ទើបព្រះមានព្រះភាគ ទ្រង់ផ្តើមពាក្យថា រូបក្ខន្ធេន ជាដើម ។ បុច្ឆាទាំងអស់ក្នុងបទទាំងនោះ ជាមោឃបុច្ឆានោះឯង ព្រោះថា នាមក្ខន្ធ ៤ ឈ្មោះថា ប្រកបចូលគ្នាមិនបានជាមួយរូបក្ខន្ធ ។ ការប្រកប ធម៌ទាំងនោះចូលគ្នាជាមួយធម៌ពួកដទៃរមែងមិនមាន ។ រូប និងនិព្វាន ប្រកបចូលគ្នាមិនបានជាមួយវេទនាខន្ធ ការប្រកបរូប និងនិព្វានទាំងនោះ ចូល ជាមួយធម៌ណាមួយរមែងមិនមាន ។ ក្នុងបទទាំងពួងក៏យ៉ាងនេះ ។ បណ្ឌិត គប្បីជ្រាបការមិនមានការប្រកបចូលគ្នាបាននៃធម៌ ដែលប្រកបចូលគ្នាមិន បាន ( យ៉ាងនេះ ) ព្រោះហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ពាក្យថា នត្ថិ នត្ថិ នោះឯង ។ ក្នុងពាក្យវិសជ្ជនាបញ្ញាទាំងអស់ ព្រោះភាពជា មោឃនៃពាក្យបុច្ឆា ដូចពណ៌នាមក ដូច្នេះឯង ។ អដ្ឋកថាវិប្បយុត្តេនសម្បយុត្តបទ ចប់