អដ្ឋកថាវិប្បយុត្តេនវិប្បយុត្តបទ

ក្បាលទី 70 · ទំព័រ 163

វិប្បយុត្តេនវិប្បយុត្តបទ [ ៣៤៩-៤០៤ ] ឥឡូវនេះ ដើម្បីចែកបទនៃធម៌ដែលប្រកបចូលគ្នាមិន បាន ជាមួយធម៌ដែលប្រកបចូលគ្នាមិនបាន ទើបព្រះមានព្រះភាគ ទ្រង់ផ្តើម ពាក្យថា រូបក្ខន្ធេន ជាដើម ។ ក្នុងនិទ្ទេសនោះ ធម៌ពួកណា មានរូបក្ខន្ធ ជាដើម ដែលទ្រង់លើកឡើងសម្តែងទុកក្នុងនិទ្ទេសនៃសម្បយោគវិប្បយោគបទ ។ ធម៌ទាំងនោះឯង ទ្រង់លើកឡើងសម្តែងក្នុងពាក្យបុច្ឆាទាំងពួង ។ ឯបទទាំងឡាយដែលមកដោយលំដាប់ដទៃ ព្រោះទ្រង់រួមពាក្យវិសជ្ជនាដែល ជាទំនងដូចគ្នា ។ បណ្តាបទទាំងនោះ បទណា លើកឡើងជាពាក្យសួរ បទនោះ ប្រកបចូលគ្នាមិនបានជាមួយធម៌ពួកណា បណ្ឌិតគប្បីជ្រាបការចែក នូវធម៌ មានខន្ធជាដើម ដោយអំណាចនៃធម៌ទាំងនោះ ព្រោះថា ធម៌ទាំងឡាយ មានវេទនាជាដើម ប្រកបចូលគ្នាមិនបានជាមួយរូបក្ខន្ធ ឯរូបក្ខន្ធក៏ ប្រកបចូលគ្នាមិនបានជាមួយធម៌ទាំងនោះ ។ សម្រាប់និព្វាន មានគតិដូច សុខុមរូបនោះឯង ។ រូបក្ខន្ធនោះ ប្រកបចូលគ្នាមិនបានជាមួយនាមក្ខន្ធ ៤ មនាយតនៈ ១ វិញ្ញាណធាតុ ៧ និងជាមួយធម៌ទាំងឡាយ មានវេទនា ជាដើមណាមួយ ក្នុងធម្មាយតនៈ និងធម្មធាតុ ។ ក្នុងបទទាំងពួង ក៏ន័យនេះឯង ។ អដ្ឋកថាវិប្បយុត្តេនវិប្បយុត្តបទ ចប់