អភិធម្មបិដក ឯកកនិទ្ទេស

ក្បាលទី 70 · ទំព័រ 243

បុគ្គលជាសមយវិមុត្ត តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ បានវិមោក្ខ ៨ ដោយនាមកាយ តាមកាលគួរ តាមសម័យគួរ អាសវៈពួក ខ្លះ របស់បុគ្គលនោះ ក៏បានអស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាសមយវិមុត្ត ។ បុគ្គលជាអសមយវិមុត្ត តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ មិនបានវិមោក្ខ ៨ ដោយនាមកាយ តាមកាលគួរ តាមសម័យគួរទេ អាសវៈរបស់បុគ្គលនោះ បានអស់ទៅ ព្រោះឃើញដោយបញ្ញា នេះហៅថា បុគ្គលជាអសមយវិមុត្ត ។ សូម្បីពួកអរិយបុគ្គលទាំងអស់ ក៏ឈ្មោះថា អសមយវិមុត្ត ក្នុងអរិយវិមោក្ខ ( លោកុត្តរវិមោក្ខដែរ ) ។ បុគ្គលជាកុប្បធម្មៈ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះឯងមិនបាន តាមប្រាថ្នា មិនបានដោយមិនលំបាក មិនបានដោយងាយ ចូលមិនបានផង ចេញមិនបានផង តាមឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាម កាលកំណត់ដែលប្រាថ្នាទេ ដំណើរនុ៎ះឯងរមែងមាន ត្រង់ដែលសមាបត្តិទាំងនោះ កម្រើក ព្រោះអាស្រ័យសេចក្តីប្រមាទ របស់បុគ្គលនោះ នេះហៅថា បុគ្គលជាកុប្បធម្មៈ ។ បុគ្គលជាអកុប្បធម្មៈ តើដូចម្តេច ។ បុគ្គលខ្លះ ក្នុងលោកនេះ បានសមាបត្តិទាំងឡាយ ប្រកបដោយរូបក្តី ប្រកបដោយអរូបក្តី បុគ្គលនោះ ឯងបានតាមប្រាថ្នា បានមិនលំបាក បានដោយងាយ ចូលផង ចេញផងតាម ឱកាសដែលប្រាថ្នា តាមសមាបត្តិដែលប្រាថ្នា តាមកាលកំណត់ដែលប្រាថ្នា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាឱកាសទេ ត្រង់ដែលសមាបត្តិទាំងនោះ កម្រើក ព្រោះអាស្រ័យសេចក្តីប្រមាទ របស់បុគ្គលនោះ នេះហៅថា បុគ្គលជាអកុប្បធម្មៈ ។