អដ្ឋកថាទុកនិទ្ទេស

ក្បាលទី 70 · ទំព័រ 324

បុគ្គលមានការក្រោធជាប្រក្រតី គឺបុគ្គលក្រោធច្រើន ឈ្មោះ ថា កោធនោ ។ ព្រះមានព្រះភាគ កាលត្រាស់សួរបុគ្គលយ៉ាងនេះហើយ ដើម្បីនឹងសម្តែងបុគ្គលដោយធម៌ ទើបត្រាស់បទថា តត្ថ កតមោ កោធោ ដូច្នេះជាដើម ។ ក្នុងនិទ្ទេសនៃបុគ្គលចងសេចក្តីក្រោធទុកជាដើម ក៏ន័យនេះដូចគ្នា ។ បទថា កោធោ កុជ្ឈនា មានអត្ថដូចខ្ញុំពោលហើយខាងដើមនោះឯង ។ បទថា បុព្វកាលំ កោធោ ជាដើម ក្នុងនិទ្ទេសនៃបុគ្គលចងសេចក្តីក្រោធទុកជាដើម ក៏យ៉ាងនោះ ។ បទថា អយំ កោធោ អប្បហីនោ សេចក្តីថា សេចក្តីក្រោធនេះ គឺ មានប្រមាណប៉ុណ្ណេះ ដែលបុគ្គលមិនទាន់លះបាន ដោយវិក្ខម្ភនប្បហាន ឬ ដោយតទង្គប្បហាន ឬដោយសមុច្ឆេទប្បហាន ។ ក្នុង ឧបនាហោ ជាដើម ខាងមុខ ក៏ន័យនេះដូចគ្នា ។ គប្បីជ្រាបវិនិច្ឆ័យក្នុងបញ្ញានិទ្ទេស ដូចតទៅនេះ បទថា ឥមិនា អហិរិកេន សេចក្តីថា បុគ្គលដែលប្រកបដោយធម៌ គឺសេចក្តីមិន ខ្មាសនេះ ដែលមានប្រការយ៉ាងនេះ ។ ក្នុងបទថា ឥមិនា អនោត្តប្បេន ជាដើម ក៏មានន័យនេះដូចគ្នា ។ បទថា អជ្ឈត្តសំយោជនោ បានដល់ មានចំណងខាងក្នុង ។ បទថា ពហិទ្ធាសំយោជនោ បានដល់ មានចំណងខាងក្រៅ ។ ចំណង ទាំងពីរនេះ បណ្ឌិតគប្បីសម្តែងការឧបមាដោយរោងកូនគោ ។ ពិតហើយ ព្រះសោតាបន្ន និងព្រះសកទាគាមីដែលមានជីវិតក្នុងកាមលោកនេះ ក៏ប្រៀប ដូចកូនគោដែលគេចងទុកខាងក្នុង ដេកក្នុងរោងកូនគោនោះឯង ។ ចំណង គឺសញ្ញោជនៈរបស់ព្រះសោតាបន្ន និងព្រះសកទាគាមីទាំងនោះ តាំងនៅក្នុង កាមលោកនេះ សូម្បីខ្លួនលោកក៏តាំងនៅក្នុងភពនេះដូចគ្នា ។