អដ្ឋកថាតិកនិទ្ទេស

ក្បាលទី 70 · ទំព័រ 356

ក្នុងតិកនិទ្ទេស គប្បីជ្រាបដូចតទៅនេះ បទថា ទុស្សីលោ បានដល់ ជាអ្នកមិនមានសីល ។ បទថា បបធម្មោ បានដល់ មានធម៌ ដ៏លាមក ម្យ៉ាងទៀត ឈ្មោះថា ទុស្សីលោ ព្រោះការវិបត្តិនៃសីល ឈ្មោះ ថា បបធម្មោ ព្រោះការវិបត្តិនៃទិដ្ឋិ ។ ម្យ៉ាងទៀត ឈ្មោះថា ទុស្សីលោ ព្រោះដាច់នូវការសង្រួម តាមកាយទ្វារ និងវចីទ្វារ ឈ្មោះថា បបធម្មោ ព្រោះដាច់នូវការសង្រួមតាមមនោទ្វារ ។ ឈ្មោះថា ទុស្សីលោ ព្រោះភាពជា បុគ្គលប្រកបដោយការងារដែលមិនស្អាត ។ ឈ្មោះថា បបធម្មោ ព្រោះភាព ជាអ្នកមានអធ្យាស្រ័យមិនស្អាត ។ ឈ្មោះថា ទុស្សីលោ ព្រោះវៀរចាក កុសលសីល ឈ្មោះថា បបធម្មោ ព្រោះប្រកបដោយអកុសលសីល ។ បទថា អសុចិ បានដល់ ដែលប្រកបដោយកម្ម ដែលមិនស្អាតទាំងឡាយ មានកាយកម្មជាដើម ។ បទថា សង្កស្សរសមាចារោ បានដល់ ជា អ្នកមានសមាចារដែលអ្នកដទៃ គប្បីរពឫកបានដោយការសង្ស័យ អធិប្បាយ ថា ដែលមានសមាចារដែលអ្នកដទៃ ឃើញទោសណាមួយដែលមិនសមគួរ ហើយសង្ស័យ យ៉ាងនេះថា កម្មនេះ នឹងជារបស់ភិក្ខុនេះធ្វើហើយ ឬមាន សមាចារដែលខ្លួនគប្បីរពឫកបាន ដោយការរង្កៀសរបស់ខ្លួននោះឯង ឈ្មោះ ថា អ្នកមានសមាចារដែលគួរសង្ស័យ ។ កាលឃើញពួកភិក្ខុប្រជុំ ឬប្រឹក្សា ដល់កិច្ចណាមួយនោះឯង ក្នុងទីជាទីសម្រាកក្នុងពេលថ្ងៃជាដើម បុគ្គលមាន សមាចារដែលគួររង្កៀសសង្ស័យយ៉ាងនេះថា ពួកភិក្ខុទាំងនោះ ដឹងកម្មដែល អញធ្វើឬ ទើបប្រឹក្សាគ្នា ។ បទថា បដិច្ឆន្នកម្មន្តោ បានដល់ ដែលប្រកបដោយ ធម៌ដ៏លាមក ដែលសមគួរដល់ការបិទបាំង ។ បទថា អស្សមណោ សមណប្បដិញ្ញោ សេចក្តីថា បុគ្គលមិនបានជាសមណៈ តែប្តេជ្ញាយ៉ាងនេះ ថា អញជាសមណៈ ព្រោះជាសមណៈក្លែងក្លាយ ។