អដ្ឋកថាសត្តកនិទ្ទេស
[ ១៤៨-១៤៩ ] វិនិច្ឆ័យក្នុងបុគ្គល ៧ ពួក ដូចតទៅនេះ បទថា សកឹ និមុគ្គោ បានដល់ បុគ្គលពួកខ្លះ លិចចុះហើយ អស់វារៈម្តង ។ បទថា ឯកន្តកាឡកេហិ បានដល់ ដោយធម៌ គឺនិយតមិច្ឆាទិដ្ឋិទាំងឡាយ គឺនត្ថិកវាទ អហេតុកវាទ និងអកិរិយវាទ ដែលខ្មៅដោយចំណែកមួយបុណ្ណោះ ។ បទថា ឯវំ បុគ្គលលោ សេចក្តីថា បុគ្គលលិចចុះអស់វារៈម្តង ដោយហេតុនេះ ហើយក៏លិចចុះ យ៉ាងនោះឯង ។ អាចារ្យពួកខ្លះពោលថា ឈ្មោះថា ការចេញ ចាកភពរបស់និយតមិច្ឆាទិដ្ឋិបុគ្គលនោះ រមែងមិនមាន ។ បុគ្គលនោះ ជាចំណីរបស់ភ្លើងនរកទាំងឡាយខាងក្រោមនោះឯង ដូចគ្រូទាំងឡាយ មាន មក្ខលិគោសាលជាដើម ។ បទថា សាហុ សទ្ធា កុសលេសុ ធម្មេសុ សេចក្តីថា រមែងផុសឡើងដោយឃើញថា ឈ្មោះថា សទ្ធាក្នុងកុសលធម៌ ទាំងឡាយ ជាហេតុឲ្យបានសេចក្តីល្អ ។ បុគ្គលនោះ ឈ្មោះថា រមែងផុស ឡើងដោយកុសលធម៌ មានប្រមាណបុណ្ណោះនោះឯង ។ ក្នុងបទថា សាធុ ហិរិ ជាដើម ក៏មានន័យនេះដូចគ្នា ។ បទថា ហាយតិយេវ សេចក្តីថា បុគ្គលនោះ រមែងជ្រះថ្លាដោយចំណែកមួយបុណ្ណោះ ដូចទឹកដែលចាក់ក្នុង ភក់ ។ បទថា ឯវំ បុគ្គលលោ សេចក្តីថា និយតមិច្ឆាទិដ្ឋិបុគ្គលនោះ ផុស ឡើងអស់វារៈម្តង ដោយអំណាចនៃសទ្ធាជាដើមទាំងនេះដោយគិតថា សទ្ធា ជាគុណជាតិដ៏ប្រពៃយ៉ាងនេះហើយក៏លិចចុះ ព្រោះការវិនាសចាកធម៌ មាន សទ្ធាជាដើមនោះឯងទៀត ដូចទេវទត្តភិក្ខុជាដើម ។ សេចក្តីសង្ខេបថា ទេវទត្តភិក្ខុធ្វើសមាបត្តិ ៨ និងអភិញ្ញា ៥ ឲ្យកើត ហើយក៏សាបសូន្យចាក គុណវិសេសទាំងនោះ ព្រោះភាពជាបដិបក្ខចំពោះព្រះសម្ពុទ្ធ ទើបធ្វើ លោហិតុប្បាទកម្ម និងសង្ឃភេទកម្ម កាលកាយបែកធ្លាយ ទើបកើតក្នុង នរកដោយវារចិត្តទី ២ ។