អភិធម្មបិដក ទសកនិទ្ទេស
ក្បាលទី 70 · ទំព័រ 538
បុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ តើ ដូចម្តេច ។ សត្តក្ខត្តុំបរមបុគ្គល ១ កោលំកោលបុគ្គល ១ ឯកពីជិបុគ្គល ១ សកទាគាមិបុគ្គល ១ និងបុគ្គលដែលជាព្រះអរហន្តក្នុងបច្ចុប្បន្ន ១ នេះ បុគ្គល ៥ ពួក មានការសម្រេចក្នុងកាមាវចរភូមិនេះ ។ បុគ្គល ៥ ពួក មានការសម្រេចព្រោះលះបង់នូវអត្តភាពក្នុងកាមាវចរភូមិនេះ តើដូចម្តេច ។ អន្តរាបរិនិព្វាយិបុគ្គល ១ ឧបហច្ចបរិនិព្វាយិបុគ្គល ១ អសង្ខារបរិនិព្វាយិបុគ្គល ១ សសង្ខារបរិនិព្វាយិបុគ្គល ១ ឧទ្ធំសោតអកនិដ្ឋគាមិបុគ្គល ១ នេះបុគ្គល ៥ ពួក មានការសម្រេច ព្រោះលះបង់នូវអត្តភាពក្នុងកាមាវចរភូមិនេះ ។ ទសកនិទ្ទេស ចប់ បុគ្គលប្បញ្ញត្តិនៃបុគ្គលទាំងឡាយ មានប្រមាណបុណ្ណេះ បុគ្គលប្បញ្ញត្តិបករណៈ ឆភាណវារ ចប់