អដ្ឋកថាទសកនិទ្ទេស

ក្បាលទី 70 · ទំព័រ 539

បទថា ឥធ បានដល់ ក្នុងកាមាវចរភូមិ ។ ព្រះអរិយបុគ្គល ទាំងឡាយ មានសត្តក្ខត្តុបរមបុគ្គលជាដើម ដែលនៅក្នុងកាមាវចរភូមិ រមែង សម្រេចក្នុងកាមាវចរភូមិនោះឯង សេចក្តីថា ការសម្រេចអរហត្តក្តី ការសម្រេច អនុបាទិសេសនិព្វានក្តី រមែងមានក្នុងអត្តភាព ដែលលោកកើតក្នុង កាមាវចរភូមិនោះឯង ។ បទថា ឥធ វិហាយ អធិប្បាយថា ព្រះអនាគាមិបុគ្គលដែលលះអត្តភាពក្នុងកាមាវចរភូមិនេះ ហើយតាំងនៅក្នុងអត្តភាពជាន់ សុទ្ធាវាសភូមិ ទើបសម្រេចជាព្រះអរហន្ត ។ ព្រះអនាគាមី ៥ ពួក មាន អន្តរាបរិនិព្វាយីជាដើម សម្រេចអនាគាមិផល ក្នុងកាមាវចរភូមិនេះហើយ លុះចុតិអំពីកាមាវចរភូមិ ក៏បដិសន្ធិក្នុងសុទ្ធាវាសភូមិ ទើបសម្រេចអរហត្ត និងអនុបាទិសេសនិព្វានធាតុដោយអត្តភាពនោះ ព្រោះហេតុនោះ ទើបទ្រង់ ត្រាស់ថា ឥមេសំ បញ្ចន្នំ ឥធ វិហាយ និដ្ឋា ជាដើម ដូច្នេះ ។ ដោយពាក្យមានប្រមាណបុណ្ណេះ ព្រះសាស្តា មិនមានបុគ្គលប្រៀបផ្ទឹម ក្នុងលោក ទ្រង់សម្តែងហើយ នូវគម្ពីរបុគ្គលប្បញ្ញត្តិណា ក្នុងលំនៅនៃ ទេវតា នាស្ថានតាវត្តិង្ស ដោយមិនសង្ខេបពេក ។ អត្ថណាមួយ ក្នុងទីណាមួយ ដែលជាអដ្ឋកថានៃបុគ្គលប្បញ្ញត្តិនោះ រចនាដោយភាសាអ្នកកោះ ( សីហឡៈ ) និងដែលជាបាលី និងអដ្ឋកថា ទាំងឡាយ ដែលចែកល្អហើយ មិនសាំញ៉ាំមាន ខ្ញុំសង្គ្រោះយកអត្ថនោះៗ អំពីទីនោះៗ កាត់នូវសេចក្តីពិស្តារពេកចោល ពាក្យដែលពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គ ខ្ញុំមិនកាន់យកពាក្យនោះ រចនាអដ្ឋកថានេះ ដោយន័យ មិនសង្ខេបពេក មិនពិស្តារពេក ។