អដ្ឋកថាសុទ្ធព្រហ្មចរិយកថា

ក្បាលទី 71 · ទំព័រ 258

ឥឡូវនេះ នឹងពោលរឿងប្រព្រឹត្តព្រហ្មចរិយៈដូចតទៅក្នុង រឿងនោះ ការនៅប្រព្រឹត្តព្រហ្មចរិយៈមាន ២ យ៉ាង គឺការចម្រើន មគ្គ ១ បព្វជ្ជា ១ បព្វជ្ជា មិនមានក្នុងទេវតាទាំងឡាយ ។ វៀរអសញ្ញីសត្វ ហើយ ការចម្រើនមគ្គ លោកមិនបដិសេធក្នុងទេវតាទាំងឡាយដ៏សេស ។ ក្នុងការចម្រើនមគ្គនោះ ជនទាំងឡាយណា មានការយល់ខុស ដូចនិកាយ សមិតិយៈ រមែងប្រកាន់ថា ទេវតាជាន់ខ្ពស់ តាំងអំពីជាន់បរនិម្មិតវសវត្តី ឡើងទៅ មិនមានការចម្រើនមគ្គ ពាក្យសួររបស់សកវាទីថា នត្ថិ ទេវេសុ សំដៅដល់ជនទាំងនោះ ពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ដោយ អំណាចនៃលទ្ធិដែលកើតឡើងហើយថា ការប្រព្រឹត្តព្រហ្មចរិយៈទាំង ២ យ៉ាង មិនមានក្នុងទេវតាទាំងឡាយ ព្រោះអាស្រ័យព្រះសូត្រ ( អង្គុត្តរនិកាយ នវកនិបាត ) នេះថា ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីប ខ្ពង់ខ្ពស់ហួសពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកទេវតាជាន់តាវត្តិង្ស ផង ដោយស្ថាន ៣ យ៉ាង ។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ ។ គឺមាន សេចក្តីក្លៀវក្លា ១ មានស្មារតី ( ខ្ជាប់ខ្ជួន ) ១ មានការបំពេញព្រហ្មចរិយធម៌ ដ៏វិសេស ១ ដូច្នេះ ។ ពាក្យសួរទៀតថា សព្វេ ទេវា ជឡា ដោយអំណាច នៃធម៌ដែលជាអន្តរាយ ដល់ការប្រព្រឹត្តព្រហ្មចរិយៈទាំង ២ យ៉ាង ជាពាក្យ របស់សកវាទី ។ ក្នុងបទទាំងនោះ បទថា ហត្ថសំវាចិកា បានដល់ និយាយដោយដៃ និងក្បាល ដូចមនុស្ស-គ ។ ពាក្យសួរខាងមុខថា ទេវេសុ ជាពាក្យរបស់បរវាទី ។ ពាក្យ ឆ្លើយទទួល សំដៅយកការចម្រើនមគ្គ ជាពាក្យរបស់សកវាទី ។ ពាក្យសួរ ដោយអំណាចនៃបព្វជ្ជា ព្រោះមិនកំណត់គោលបំណង នៃពាក្យឆ្លើយទទួល ជាពាក្យរបស់បរវាទី ។