អដ្ឋកថាឱធិសោកថា

ក្បាលទី 71 · ទំព័រ 273

ឥឡូវនេះ នឹងពោលរឿងនៃការបែងចែកជាចំណែកៗ តទៅក្នុង រឿងនោះ ជនទាំងឡាយណាកាន់យកថា មានការលះកិលេសបាន ចំណែកខ្លះៗ គឺដោយចំណែកនីមួយៗ ចាកការឃើញទុក្ខជាដើម ដោយអំណាច នៃការត្រាស់ដឹងផ្សេងៗ នៃព្រះសោតាបន្នជាដើម ដូចនិកាយសមិតិយៈទាំងឡាយ ក្នុងខណៈនេះ ដើម្បីទម្លាយលទ្ធិនោះ របស់ជនទាំងនោះ ទើបសកវាទី សួរថា ឱធិសោ ( បុគ្គលលះកិលេសបានជាចំណែកៗ ឬ ) ។ ពាក្យឆ្លើយ ទទួល ជាពាក្យរបស់បរវាទី ។ ការសាកសួរទៀត ជាពាក្យរបស់សកវាទី ។ ពាក្យបដិសេធ ជាពាក្យរបស់បរវាទី ព្រោះមិនមានភាពជាព្រះសោតាបន្ន ជាដើម ដោយឯកទេស គឺចំណែកខ្លះ ។ បណ្ឌិតគប្បីជ្រាបអត្ថក្នុងវារៈទាំងពួង ដោយឧបាយនេះឯង ។