អដ្ឋកថាអតីតាទិឯកច្ចកថា
ឥឡូវនេះ នឹងពោលរឿងខ្លះៗ ដែលមានដូចតទៅក្នុង រឿងនោះ ជនទាំងឡាយណា រមែងសម្គាល់ថា អតីតខ្លះមាន ដូច និកាយកស្សបិកៈទាំងឡាយ ដើម្បីទម្លាយលទ្ធិនៃជនទាំងនោះ ទើបសកវាទី សួរថា អតីតំ អត្ថិ ពាក្យវិសជ្ជនាថា ឯកច្ចំ អត្ថិ ជាដើម ជាពាក្យរបស់ បរវាទី ។ គប្បីជ្រាបអត្ថនៃពាក្យវិសជ្ជនារបស់បរវាទីនោះថា វិបាកធម៌ដែល មិនទាន់ឲ្យផល មាន វិបាកធម៌ដែលឲ្យផលហើយ មិនមាន ។ ពាក្យសួរថា ឯកច្ចំ និរុទ្ធំ ជាពាក្យរបស់សកវាទី ។ អធិប្បាយអត្ថនៃបញ្ញានោះថា បើ អតីតធម៌ខ្លះមាន ខ្លះមិនមាន តាមលទ្ធិរបស់អ្នកសោត កាលបើភាពយ៉ាង នោះ មានអតីតធម៌ខ្លះ រលត់ទៅ និងអតីតធម៌ខ្លះ មិនទាន់រលត់ទៅ គង់តាំង នៅយ៉ាងនោះឯង ។ ក្នុងបទទាំងឡាយថា វិគតំ ជាដើម ក៏ន័យនេះដូចគ្នា ។ បទនេះថា អវិបក្កវិបកធម្មា ឯកច្ចេ ព្រោះបរវាទី កាន់ យកភាពមាននៃវិបាក ដែលមិនទាន់ឲ្យផលទាំងឡាយ ធម៌ទាំងនោះ ក៏ជា អតីតធម៌ទាំងអស់ ព្រោះហេតុនោះ សកវាទីពោលដើម្បីចោទសួរថា តាម លទ្ធិរបស់អ្នក អតីតធម៌ ខ្លះមាន យ៉ាងណា ធម៌ទាំងឡាយ សូម្បីជាវិបាក ដែលមិនឲ្យផល ខ្លះមាន ខ្លះមិនមាន យ៉ាងនោះឬ ។ បទថា វិបក្កវិបកា នេះ សកវាទីពោលដើម្បីចោទសួរ ដោយអំណាចនៃវិបាកធម៌ ដែលបរវាទីនោះកាន់យកថា មិនមាន ។ បទថា អវិបកា នេះ សកវាទីពោលដើម្បីចោទសួរ ដោយអំណាចធម៌ដែលជាអព្យាកតៈទាំងឡាយ ។ ពាក្យឆ្លើយទទួល និងពាក្យ បដិសេធ ក្នុងអនុលោម និងបដិលោមទាំងពួង បណ្ឌិតគប្បីជ្រាបដោយ អំណាចនៃគំនរធម៌ទាំង ៣ នេះ ដោយប្រការដូច្នេះ ។ ធម៌ មានវិបាកដែល ឲ្យផលហើយចំណែកមួយ មិនទាន់ឲ្យផលចំណែកមួយ ដែលជាអតីត ធម៌ ទាំងនោះ លោកហៅថា វិបាកដែលឲ្យផលមិនទាន់អស់ ។